(ម៉ូណាកូ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Luka Modric របស់ក្លឹប Real Madrid ត្រូវបានបោះឆ្នោតជាប់ជាកីឡាករលេងល្អបំផុត​ឆ្នាំ២០១៨ ប្រចាំទ្វីបអឺរ៉ុប UEFA Men’s Player of the Year ឈ្នះដាច់គូប្រជែង Cristiano Ronaldo និង Mohamed Salah ក្នុងកម្មវិធីចាប់ពូល ក្នុង UEFA Champions League យប់មិញនេះនៅទីក្រុង Monaco ប្រទេសបារាំង។

កីឡាករវ័យ៣១ឆ្នាំ Modric ជាកីឡាករសំខាន់មួយរូបដែលបានជួយក្រុមយក្សអេស្ប៉ាញ Real Madrid ឈ្នះជើងឯក UEFA Champions League រដូវកាលមុន និងបំបែកកំណត់ត្រាឈ្នះពាននេះ ៣ដងជាប់ៗគ្នា ក្រៅពីបានជួយក្រុម ជាតិក្រូអាត ឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី បើទោះបីជាចាញ់បារាំងនៅវគ្គផ្តាច់ ព្រ័ត្រក៏ដោយ។

បន្ថែមលើនេះ អតីតកីឡាករអង់គ្លេស Tottenham Hotspur ខាងលើនេះ ក៏ត្រូវបានបោះឆ្នោតជាប់ជាកីឡាករលេងល្អ បំផុតប្រចាំព្រឹត្តិការណ៍ World Cup 2018 ផងដែរ ស្របពេល Kylian Mbappe របស់បារាំង ឈ្នះពានកីឡាករវ័យក្មេងលេងល្អ។

ទន្ទឹមគ្នានោះ អតីតសមាជិកក្រុម Real Madrid ដែលបានផ្លាស់ទៅលេងឲ្យ Juventus, Ronaldo ក៏ត្រូវបានបោះឆ្នោត​ជាប់ជាកីឡាកខ្សែប្រយុទ្ធល្អប្រចាំឆ្នាំ២០១៨ របស់ UEFA ផងដែរ ស្របពេល Sergio Ramos ជាខ្សែការពារល្អ និង Keylor Navas ជាអ្នកចាំទីល្អបំផុតប្រចាំឆ្នាំ៕