(ភ្នំពេញ)៖ ជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល ខណៈដែលបទចម្រៀង របស់ផលិតកម្មសាន់ដេ ដែលបានចង​ក្រងជាសាច់រឿងរួមបញ្ចូលគ្នា ៣បទ របស់តារាចម្រៀង កញ្ញា សុខ ពិសី និងលោក ឆាយ វីរៈយុទ្ធ កំពុងតែផ្ទុះខ្លាំង​នៅក្នុងបណ្ដាញសង្គមទាំង នៅលើហ្វេសប៊ុក និងនៅលើ You Tube ខណៈបទចម្រៀង៣បទនេះ ទើបតែបង្ហោះ​ចូលក្នុងបណ្ដាញសង្គម ត្រឹមរយៈពេល៦ថ្ងៃ ប៉ុណ្ណោះ មានអ្នកចូលទស្សនា រហូតដល់ជាង ១លាន៣សែនដង។

ជាកាពិតណាស់ MV បទចម្រៀងនៃខ្សែសាច់រឿងខ្លី ដែលបានរួមបញ្ចូលគ្នា៣បទ របស់កំពូលតារាចម្រៀង ឆាយ វីរៈយុទ្ធ និងកញ្ញា សុខ ពិសី គឺមានដូចជា បទ «ស្រឡាញ់អូនមួយពេល ស្រឡាញ់គេមួយជីវិត, ហេតុអ្វីយកអូនលេងសើច» និងបទ «នឹកតែមិនអាចជួប» កំពុងតែកក្រើកយ៉ាងខ្លាំង ជាពិសេសទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់ប្រិយមិត្ត​ទស្សនិកជន ដោយបទនេះ ទទួលបានអ្នកចូលទស្សនា នៅលើ YouTube ចំនួន ១លាន៣សែនដង និងនៅលើហ្វេសប៊ុក ទទួលបានអ្នកចូលទស្សនាជាង ១លានដងដូចគ្នា។

គួរបញ្ជាក់ថា ក្រោយពេលដែលផលិតកម្មសាន់ដេ បានបញ្ចេញផ្សព្វផ្សាយ បទចម្រៀងដែលជាសាច់រឿង៣បទបញ្ចូលគ្នានេះ នៅលើបណ្តាញសង្គម ភ្លាមៗនោះ គឺទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីសំណាក់យុវវ័យ និងមហាជន។ មិនតែប៉ុណ្ណោះ ក៏មានការបន្តចែករំលែកយ៉ាងព្រោងព្រាត នៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕