(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) រួមជាមួយសហព័ន្ធកីឡាបាល់ទាត់ជប៉ុន តាមរយៈអតីតគ្រូបង្វឹកថ្នាលលោក Yusuke Iki បានផ្តល់ឱកាសដល់កីឡាករយុវជន របស់សាលាកីឡាបាល់ទាត់ជាតិបាទី៣នាក់ និងលោកគ្រូបង្វឹកម្នាក់ ទៅចូលរួមហ្វឹកហាត់ជាមួយក្លឹបបាល់ទាត់ Sendai អាយុក្រោម ១៨ឆ្នាំ រយៈពេល៣សប្តាហ៍ ដើម្បីពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករអាជីពនៅថ្ងៃអនាគត។ នេះបើតាមចេញផ្សាយដោយ FFC នាថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ។

តាមរយៈការបញ្ជូនកីឡាករទាំង៣រូបនេះផងដែរ ដោយសារតែសហព័ន្ធកីឡាបាល់ទាត់ជប៉ុន គឺមានផែនការឲ្យកីឡាករមកពីកម្ពុជា បានទៅហ្វឹកហាត់ផ្ទាល់ រួមជាមួយក្រុមកីឡាករនៅជប៉ុន ទើបមិនអាចនាំយកកីឡាករច្រើនរូបមកទីនេះបាន។

សូមបញ្ជាក់ផងដែរថា កីឡាករទាំង៣រូបនេះ មានកីឡាករខ្សែប្រយុទ្ធ ២រូប និងអ្នកចាំទីមួយរូបដែលត្រូវបានជ្រើសរើសមកពីសាលាបាល់ទាត់ជាតិបាទី ខេត្តតាកែវ ក្រោមការជ្រើសរើសរបស់គ្រូបង្វឹកជនជាតិជប៉ុន ដោយផ្អែកលើសមត្ថភាព និងបច្ចេកទេសផ្ទាល់ខ្លួនរបស់កីឡាករតែម្តង៕