(ឡុងដ៍)៖ ក្លិបចំនួន៣ ដែលបានកំពុងលេងនៅលីគកំពូលអង់គ្លេស Premier League រួមមាន Chelsea, Manchester United និង Leicester City សុទ្ធតែបង្ហាញមហិច្ឆតាចង់បានកីឡាករប្រេស៊ីល Philippe Coutinho មកពង្រឹងក្រុមដូចគ្នានារដូវកាលដោះដូរកីឡាករនាខែកក្កដា-សីហា ឆ្នាំ២០២០ ខាងមុខ គ្រាដែល Newcastle United ក៏ចង់បានផងដែរ។

យោងតាមប្រភពព័ត៌មានពី The Sun បានចេញផ្សាយថា កីឡាករវ័យ ២៧ឆ្នាំ Coutinho ធ្លាប់ជាអតីតសិស្សសំណព្វរបស់លោក Brendan Rodgers កាលនៅដឹកនាំ Liverpool ហើយរូបលោកចង់បានដឹកនាំ កូនក្រុមនេះដដែល គ្រាដែលកំពុងដឹកនាំក្លិបកញ្ជ្រោងខៀវនាបច្ចុប្បន្ន ក្នុងតម្លៃប្រមាណ ៧១លានផោនដែលក្លិប FC Barcelona ត្រៀមលក់ចេញ ដើម្បីយកថវិកាខ្លះក្នុងទប់លំនឹងក្នុងក្លិបនៃវិបត្តិ COVID-19។

តែយ៉ាងណា ក្លិបតោខៀវ Chelsea ដែលស្ថិតក្រោមការដឹកនាំរបស់លោក Frank Lampard នោះ ត្រូវអតីតវីរបុរសប្រេស៊ីល លោក Rivaldo ធ្លាប់បានលើកឡើងថា Coutinho នឹងមានទម្រង់លេងខ្លាំងដូចមុនវិញ ប្រសិនបើកចាកចេញពីទឹកដី Camp Nou មកលេងនៅ Stamford Bridge។

Philippe Coutinho ត្រូវបានក្លិប Bayern Munich បញ្ជូនមកឲ្យ FC Barcelona នៅពាក់កណ្តាលរដូវកាល ដោយសាររូបគេជួបបញ្ហារបួសកជើងធ្ងន់ធ្ងរ និងមានទម្រង់លេងមិនអាចទទួលយកបាន ក្រោមកិច្ចសន្យារយៈពេលនៅទឹកដីអាល្លឺម៉ង់៕