(ភ្នំពេញ)៖ លោក សុគន្ធ ថេរ៉ាយុ គឺជាតារាចម្រៀងវ័យក្មេងមួយរូប មានទាំងទឹកដមសំនៀងពីរោះ និងមានរូបស្រស់សង្ហា​​ ហើយក្រៅពីមានប្រជាប្រិយភាពក្នុងវិស័យសិល្បៈ តារាចម្រៀងប្រុសរូបនេះ ក៏ត្រូវបានមហាជន ដឹងថាកំពុងមានជំនួញធំមួយក្នុងដៃផងដែរ។ ទន្ទឹមគ្នានេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Instagram តារាប្រុសរូបនេះ តែងតែចែករំលែកបទពិសោធជីវិតឯកជនជាបន្តបន្ទាប់។ ​តែយ៉ាងណា ពេលនេះស្រាប់តែលោក សុគន្ធ ថេរ៉ាយុ បង្ហោះសារថ្មី​ប្លែក ហាក់បីដូចជាមានបញ្ហាក្នុងចិត្ត ដែលមិនដឹងទម្លាយប្រាប់ណា ក្រៅពីបង្ហោះសារក្នុងបណ្តាញសង្គម​ បន្ទាប់ពីលោកទើបតែបាត់បង់ឪពុកជាទីស្រឡាញ់ នាពេលថ្មីៗនេះ។

តារាចម្រៀង សុគន្ធ ថេរ៉ាយុ បានបញ្ជាក់នៅក្នុងបណ្ដាញ Instagram របស់ខ្លួនថា «ជឿទៅថា​ ជីវិតមនុស្សម្នាក់ៗ មានផលវិបាកមានបញ្ហាផ្សេងៗគ្នា ទោះមើលទៅគេសប្បាយខ្លាំងប៉ុណ្ណា ក៏មានបញ្ហាដែរ ទោះគេពូកែ គេល្អយ៉ាងណា​ ក៏នៅតែមានទុក្ខ»

តាមរយៈសារមួយប្រយោគនេះ មហាជនបានដាក់ការសង្ស័យថា ប្រហែលជាតារាប្រុសរូបសង្ហា​ សុគន្ធ ថេរ៉ាយុ មានបញ្ហាអ្វីក្នុងចិត្តហើយមើលទៅ ដូចពាក្យតែងតែនិយាយថា «មានរូប មានទុក្ខ»។ ទោះមើលទៅលោកមានជីវិតហ៊ឺហារ សម្បូរសប្បាយ មិនខ្វះខាតជីវភាពក៏ពិតមែន តែនៅតែមានភាពបញ្ហាផ្ទាល់ខ្លួនច្រើន។ ត្បិតមិនដឹងទម្លាយប្រាប់នរណា មានតែបង្ហោះសារក្នុងបណ្តាញសង្គម ដើម្បីបន្ធូរអារម្មណ៍តានតឹង។

គួរបញ្ជាក់ថា លោក សុគន្ធ ថេរ៉ាយុ គឺជាតារាចម្រៀងប្រុសមួយដួង ត្រូវបានគេដឹងថា កំពុងទទួលបានការគាំទ្រ យ៉ាងច្រើនពីសំណាក់មហាជន ​ខណៈបទចម្រៀងរបស់លោក តែងតែបញ្ចេញជាញឹកញាប់ ព្រមទាំងប្រកួតប្រជែង​ លើទីផ្សារចម្រៀងរហូតមក៕