(ភ្នំពេញ)៖ ​អតីតតារាចម្រៀង ម៉ូលីកា និងស្វាមីលោក ហុង មានុណ ​ហៅឆានុន បានដឹកដៃគ្នាទៅក្រេបយករសជាតិ ទេសភាពនៅស្រុកស្រែ តាមរយៈការគ្រងឈុតបុរាណដ៏គូរឲ្យទាក់ទាញ អបដោយក្លិនដ៏ក្រអូបឈ្ងុយឈ្ងប់ផ្កាឈូក នៅបឹងព័ទ្ធជុំវិញដែលនាង និងស្វាមីបានជ្រើសយកកន្លែងថត រូបកាលពីចុងសប្ដាហ៍កន្លងមក។ ស្វាមីរបស់ ម៉ូលីកា បានបង្ហាញកាយវិការថ្នាក់ថ្នមនាង យ៉ាងខ្លាំងពិសេសនៅពេលដែលម្ចាស់ជីវិត របស់លោកត្រៀមសម្រាលកូនលើកដំបូង នៅអំឡុងចុងខែមិថុនា ឬកក្កដា ខាងមុខនេះហើយ។

ម៉ូលីកា ​បានដាក់ឈ្មោះឲ្យកូនស្រីរបស់នាង មុនសម្រាលថា នុន ចន្ទម៉ូនីតា ជាមួយការវាចារសារថា «ស្រឡាញ់ទេសភាពស្រុកស្រែណាស់ ឡើងស្រស់ស្រាយតែម្ដង Mummy &Daddy នាំកូនម៉ូនីតា មកប្ដូរបរិយាកាសម្ដង»។ ដោយឡែកលោក មានុណ ជាស្វាមីរបស់នាងវិញ បង្ហាញកាយវិការតក់ក្រហល់ចង់ឃើញមុខកូនស្រី របស់លោកយ៉ាងអន្ទះសារ ដោយជាញឹកញាប់លោក បានអោបថើបផ្ទៃពោះភរិយា ក៏ដូចបានអោបថើបថ្ពាល់កូនស្រីដែរ។

​តាមរយៈរូបភាពទាំងនេះបញ្ជាក់ថា ​ម៉ូលីកា កំពុងមានក្ដីសុខខ្លាំងណាស់ ព្រោះនាងបានសម្រេចបំណងពពោះកូនដំបូងជាកូនស្រី ដែលនាងតែងតែប្រាថ្នាចង់បាន ហើយស្វាមីរបស់នាងតែងតែនៅក្បែរកាយានាង នៅពេលដែលមនុស្សស្រីទាំងឡាយ ត្រូវការចាំបាច់បំផុតពីភាពកក់ក្ដៅពីប្ដី នៅពេលជិតដល់ថ្ងៃសម្រាលនេះ។ នៅមិនដល់២ខែទៀតទេម៉ូលីកា នឹងបានឃើញមុខកូនស្រីរបស់នាងហើយ គេជឿ​ថាគូស្នេហ៍តារា១គូនេះ នឹងកាន់តែមានសុភមង្គល ថែមមួយកម្រិតទៀតជាមិនខានឡើយ​ ក្រោយពេលពួកគេទទួលបានកាដូមិនអាចកាត់ថ្លៃបាន​ នៅឆ្នាំ២០២០នេះ។

​អតីតតារាចម្រៀងផលិតកម្ម Rock​ ម៉ូលីកា ថៅកែស្រីហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក បានរៀបការជាមួយតារាសម្ដែង ហុង មានុណ ហៅឆានុន កាលពីថ្ងៃទី១៨ ខែមករាឆ្នាំ២០២០ ដែលគូស្នេហ៍តារា១គូនេះធ្វើឲ្យកក្រើកក្នុងពិភពសិល្បៈ​ ព្រោះតែរៀបចំពិធីមង្គលយ៉ាងប្រណិត​ ចំណាយលុយអស់ជាង១០ម៉ឺនដុល្លារ ខណៈអ្នកទាំងពីរធ្លាប់មានប្រវត្តិស្នេហ៍កម្សត់កម្រ​ ជាមួយគ្នាជាង៣ឆ្នាំ ដោយផ្ដើមចេញពីទុនត្រឹម៣០០ដុល្លារ កស៊ីលក់ជ្រក់ជើងមាន់តាម Online រហូតមានលុយបើកហាងចំណាយទុន ដល់ទៅ១០ម៉ឺនដុល្លា ហើយទិញបានផ្ទះនិងរថយន្ដទំនើបៗជិះទៀតផង។​ម៉ូលីកា ជាអ្នកលក់ផលិតផលដ៏ជោគជ័យ និងលេចធ្លោរម្នាក់នៅលើ Online ដែលអ្នកណាៗក៏ស្គាល់នាងហើយ ដោយសារតែពេលនេះនាងមមាញឹកក្នុងអាជីវកម្មខ្លាំងពេក ទើបមិនទាន់អាចវិលមករកអាជីពចម្រៀងសារជាថ្មី តាមកាលកំណត់បើទោះជានាងថា បេះដូងនៅតែស្រឡាញ់សិល្បៈក៏ដោយ។

​ម៉ូលីកា បានឲ្យដឹងថានាងនឹងត្រៀមសម្រាលកូន នៅក្នុងស្រុកតែការមានកូន១នេះមិនទាន់គ្រប់គ្រាន់ទេ សម្រាប់គ្រួសារតារា១គូនេះ ព្រោះនៅថ្ងៃការពួកគេប្រាប់ថា ចង់បានកូន៣នាក់ក្នុងរង្វង់គ្រួសារ៕