(ភ្នំពេញ)៖ តារាចម្រៀង ឡាយ លក្ខិណា ត្រូវបានគេដឹងថា នាងបានចាកចេញពីប្រទេសកម្ពុជា ទៅច្រៀង និងសម្តែងនៅកាណាដា តាំងពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ម៉្លេះ ហើយតាមគម្រោងនាងត្រូវវិលវិញនៅថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៩ ពោលគឺការចេញទៅកាណាដា លើកនេះមានរយៈពេលតែ៣ខែគត់ប៉ុណ្ណោះ។ ប៉ុន្តែរហូតមកដល់ពេលនេះ មានរយៈពេល៩ខែទៅហើយ ដែលអ្នកនាង ឡាយ លក្ខិណា នៅតែមិនព្រមវិលមកស្រុកវិញទេ ទើបធ្វើឲ្យមានការលេចឮថា នាងបានគេចប៉ូលិសកាណាដា ដើម្បីរស់នៅទីនោះតទៅទៀត និងខ្លះ​ទៀត​កំពុងសង្ស័យថា នាងកំពុងតែសាងស្នេហ៍ថ្មីលើទឹកដីកាណាដា ហើយគូស្នេហ៍ជាអ្នកធានារ៉ាប់រងនាង គ្រប់បែបយ៉ាង​ទាំងអស់​ ហើយទោះជាផុតលិខិតឆ្លងដែន ក៏គ្មានបញ្ហាសម្រាប់នាងដែរ។

ប្រភពព័ត៌មាន បានទម្លាយចេញទៀតថា ការបន្តស្នាក់នៅប្រទេសកាណាដា លែងចង់វិលវិញនេះ ត្រូវបានគេសង្ស័យថា តារាជើងចាស់ ឡាយ លក្ខិណា កំពុងមានស្នេហាថ្មីហើយ ខណៈដែលនាងធ្លាប់សារភាពប្រាប់​រួចហើយថា ពិតជាមានគេតាមស្រឡាញ់មែន ប៉ុន្តែនៅសិក្សាចិត្តគ្នានៅឡើយ មិនទាន់ច្បាស់លាស់ទេ។

ទោះជាយ៉ាងណា ឱកាសនៃការចេញទៅច្រៀង នៅប្រទេសកាណាដាលើកនេះ គឺជាឱកាសមួយសម្រាប់បានសាងស្នេហ៍ ជាមួយគូស្នេហ៍ថ្មីនៅលើទឹកដីនោះតែម្ដង ព្រោះតែការជាប់គាំង មិនឃើញវិលមកកម្ពុជាវិញនេះ គឺមានរយៈពេ​ល៦ខែឯណោះ ខណៈដែលតារាចម្រៀងពីប្រទេសកម្ពុជា មិនងាយបានទៅច្រៀង នៅលើទឹកដីកាណាដាណាស់។ ប៉ុន្តែសម្រាប់តារាចម្រៀង ឡាយ លក្ខិណា ហាក់បានចេញទៅច្រៀងដោយងាយ និងបន្តស្នាក់នៅបន្ថែមរហូតដល់កន្លះឆ្នាំថែមទៀត។

តែយ៉ាងណាមិញ មុនបាត់ខ្លួននេះ អ្នកនាងឡាយ លក្ខិណា ធ្លាប់​បង្ហើបប្រាប់ថា នាងបានថតបទចម្រៀងថ្មីបែបលក្ខណៈរ៉េប​ ដែលផលិតជាលក្ខណៈអន្តរជាតិ នៅផលិតកម្ម Sandapl Production ហើយក្នុងបទនេះ នាងបានជិះយន្តហោះ របស់បុរសម្នាក់នៅកាណាដា ​ហើយនាងផ្ទាល់ក៏បានជួបជាមួយលោកបុរសនោះ នៅកោះនោះផងដែរ។​

​ក្រៅពីចេញទៅច្រៀងសម្តែងនៅកាណាដា ​លើកទី២នេះ អ្នកនាងឡាយ លក្ខិណា ក៏បានទៅថតបទចម្រៀងឱ្យផលិតកម្ម Sandapl ផងដែរ ព្រោះនាងមានកុងត្រាជាមួយផលិតកម្មនេះ ហើយ នាងថែម​ទាំងមានតួនាទីនៅក្រុមហ៊ុន Sponsor មួយនៅកាណាដា ដែលមានសិទ្ធិក្នុងការជ្រើសរើសតារាពីស្រុកខ្មែរ ទៅច្រៀងនៅកាណាដាទៀតផង៕