(ភ្នំពេញ)៖ ផលិតកម្ម Galaxy Navatra នៅថ្ងៃនេះ បានប្រកាសជាសាធារណៈថា ខ្លួនបានទិញសិទ្ធិផ្ដាច់មុខ នូវបទចម្រៀងមរតកដើមទាំងអស់ របស់ម្ចាស់កវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន ពីភរិយារបស់លោក គឺអ្នកស្រី គាត គឹមលន ដើម្បីផលិតឡើងវិញ ដោយរក្សាទម្រង់ និងទំនុកភ្លេងដើមនៃស្នាដៃនិពន្ធ គ្រាន់តែដាក់បញ្ចូលបន្ថែម​ នូវឧបករណ៍ភ្លេង​ខ្លះតែប៉ុណ្ណោះ។

លោក យឹម តាស្រង់ ជាអ្នកនិពន្ធ និងជាអ្នកគ្រប់គ្រងទូទៅ ប្រចាំក្នុងផលិតកម្ម Galaxy Navatra បានថ្លែងប្រាប់នៅថ្ងៃនេះថា «ដើម្បីចូលរួមថែរក្សា និងលើកម្ពស់ស្នាដៃមរតកដើម ព្រមទាំងចូលរួមចំណែក លើកកម្ពស់ជីវភាពអ្នក ដែលបានទទួលសិទ្ធិគ្រប់គ្រងមរតកសាសន៍ នូវបទចម្រៀងមរតកដើមរបស់កវីនិពន្ធ បទចម្រៀងដ៏ឆ្នើមរបស់ប្រទេសយើង ផលិតកម្ម Galaxy Navatra មានកិត្តិយសសូមជម្រាប ជូនសាធារណៈជនឲ្យបានជ្រាបថា​ ផលិតកម្ម Galaxy Navatra បានទិញសិទ្ធិផ្តាច់មុខបទចម្រៀងមរតកដើម របស់កវីនិពន្ធ គង្គ ប៊ុនឈឿន ដើម្បីរក្សា នឹងផលិតឡើងវិញ ដោយរក្សាទំរង់ដើម ព្រមទាំងប្រើប្រាស់នៅក្នុង Yotube និងប្រព័ន្ធ Digital ផ្សេងៗដូចជា Calltune តាមទូរសព័្ទដើម្បីស្វែងរកចំណូលបន្ថែមជូនម្ចាស់ស្នាដៃ ដោយមានរយៈពេល១០ឆ្នាំ ដែលបទភាគច្រើន ជាសំនៀងរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត​-​លោកយាយ រស់ សេរីសុទ្ធា នឹងមរតកសំនៀងជាច្រើនរូបទៀត»

ជាមួយគ្នានេះផលិតកម្ម Galaxy Navatra ក៏បានជម្រាបជូនដល់បណ្តាផលិតកម្ម និង Channel Youtube ទាំងអស់ ដែលបានយកបទមរតកដើមទៅ Upload ឬផលិតឡើងវិញដាក់ Youtube ឬលក់នៅ Apple Store ឬបានយកទៅដាក់ Copyright កន្លងមក សូមប្រញាប់រួសរាន់លុបចេញឲ្យបានមុនថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២០ នេះ មុនពេលដែលផលិតកម្ម ប្រើប្រាស់នូវសិទ្ធិតាមនីតិវិធីច្បាប់ ក្នុងការការពារសិទ្ធិ និងប្រយោជន៍ ដើម្បីម្ចាស់ស្នាដៃ»។ ក៏ប៉ុន្តែលោក យឹម តាស្រង់ ជាអ្នកនិពន្ធ និងជាអ្នកគ្រប់គ្រងទូទៅ ប្រចាំក្នុងផលិតកម្ម Galaxy Navatra មិនបានបញ្ជាក់ការទិញសិទ្ធិផ្ដាច់មុខនេះម្ចាស់ចម្រៀងមរតកដើមទទួលបានប្រាក់លាភប៉ុន្មាននោះទេ។

​សូមបញ្ជាក់ថា ក្រសួងវប្បធម៌ បានប្រគល់សិទ្ធិគ្រប់គ្រង​មរតកសាសន៍ លើបទចម្រៀងដែល​ជាស្នាដៃរបស់ លោក គង្គ ប៊ុនឈឿន ឲ្យទៅលោកស្រី គាត គឹមលន ជាភិរយា តាមការស្នើសុំ កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩៕ ​