(ភ្នំពេញ)៖ បន្ទាប់ពីរៀងចំពិធីមង្គលការតាមប្រពៃណីខ្មែរ ជាមួយបុរសជនជាតិហូឡង់ កាលពីឆ្នាំ២០១៩ និងបានទៅរស់នៅក្រៅប្រទេសជាមួយស្វាមី ពេលនេះ តារាម៉ូដែល និងជាអតីត «Miss Global Cambodia» ប្រចាំឆ្នាំ២០១៦ សូរ្យ អេនណា សម្រាលបានបុត្រីម្នាក់ហើយ។ ទោះបច្ចុុប្បន្ននៅក្រៅប្រទេស តែការទទួលបានសមាជិកថ្មីនៅពេលនេះ ត្រូវបានមិត្តរួមសិល្បៈ និងអ្នកគាំទ្រ បានផ្ញើរសារជូនពរពីចំងាយឲ្យម្តាយ និងទារកមានសុខភាពល្អផងដែរ។

បើយោងតាមបណ្តាញសង្គមរបស់ សូរ្យ អេនណា បានឲ្យដឹងថា «ជំរាបសួរ​ អ៊ុំ​ ពូ​ មីង​ លោកតា​ លោកយាយ ថ្ងៃនេះ​ទារិកាតូច​ Estelle Catharina Dane Boumen ឈ្មោះហៅក្រៅ​ កតិកា​ កេីតនៅថ្ងៃច័ន្ទ​ ទី១៨​ ម៉ោង០៥:១៥នាទី​ព្រឹក​ ម៉ោងនៅហុងកុង​ ទំងន់​ ៤គីទ្បូ​ ២ខាំ​ ទីបំផុតព្រមចេញមកខាងក្រៅជួបប៉ាមាក់ហេីយ​ បន្ទាប់ពីសំងំនៅក្នុងពោះម៉ាក់រហូតលេីសមួយអាទិត្យ»

គួរជម្រាបថា តារាម៉ូដែល សូរ្យ អេនណា បានរៀបការតាមប្រពៃណីខ្មែរ ជាមួយបុរសជនជាតិហូឡង់វ័យ ៣៣ឆ្នាំមានឈ្មោះថា Maurice Boumen ដែលមានតួនាទី ជាអ្នកគ្រប់គ្រងសណ្ឋាគារលំដាប់ផ្កាយ ៥ នៅទីក្រុងហុងកុង កាលពីថ្ងៃ០៦ ខែមេសា ឆ្នាំ២០១៩។ ពួកគេបានរៀបការ យ៉ាងកក្រើកពេញទីតាំងកោះពេជ្រ ដោយសារមានការចូលរួមយ៉ាងកុះករ ពីសំណាក់បងប្អូនសាច់ញាត់ និងមិត្ត សិល្បៈរួមអាជីព អ្វីដែលពិសេសនោះ គឺម្នាក់ៗពោរពេញដោយស្នាមញញឹម ភាពសប្បាយរីករាយក្រៃលែង ខណៈជនជាតិបាំរាំងភាគ បានរំលេចសម្រស់ ក្នុងឈុតប្រពៃណីខ្មែរ និងខ្លះក្នុងឈុតសម័យ។ កាលនោះ មហាជនជាច្រើន ជាពិសេសអ្នកគាំទ្ររបស់តារាស្រីរូបនេះ ចាប់អារម្មណ៍គ្រប់គ្នា ចំពោះពិធីមង្គលការបស់នាង៕