(លីវើពូល)៖ ក្រុមហង្សក្រហម Liverpool ត្រូវការឈ្នះតែ ២ប្រកួតទៀតប៉ុណ្នោះ ក្នុងចំណោម ៩ប្រកួតដែលនៅសល់ក្នុងលីគកំពូលអង់គ្លេស Premier League រដូវកាលនេះ និងជាលើកទី១៩ សម្រាប់ក្លិបផងដែរដែលស្ថិតក្រោមការដឹកនាំដោយអ្នកចាត់ការទូទៅលោក Jurgen Klopp ក្រោយពេលខកខានតាំងពីឆ្នាំ១៩៩០។ នេះបើតាមការចេញផ្សាយដោយ The Sun។

លីគ Premier League អាចនឹងត្រូវវិលត្រឡប់មកវិញនៅខែក្រោយនេះ ដោយការលេងបិទទ្វារកីឡដ្ឋាន ហើយក្រុមកំពូលតារាង Liverpool ក៏ត្រៀមប្រជែងរកឲ្យបានតែ ៦ពិន្ទុទៀតប៉ុណ្ណោះ ក្នុងចំណោម ៩ប្រកួតដែលនៅសល់ដោយមានគម្លាតពិន្ទុដាច់ឆ្ងាយពីក្រុមការពារតំណែងជើងឯក Manchester City ដែលមានតែ ៥៧ពិន្ទុប៉ុណ្ណោះ កំពុងឈរនៅលេខ២នោះ។

លោក Jurgen Klopp នឹងត្រូវដឹកនាំក្រុមហង្សក្រហមប្រជែង ២ប្រកួតដំបូងនៅពេលលីគចាប់ផ្តើមឡើងវិញទល់នឹងក្រុមស្ករគ្រាប់ Everton ក្នុងសប្តាហ៍ទី៣០ មុនបន្តប៉ះក្រុម Crystal Palace នៅសប្តាហ៍បន្ទាប់ និងត្រៀមក្រុមខ្លាំង Manchester City ក្នុងជើងទី២ នៃសប្តាហ៍ទី៣២ នៅកីឡដ្ឋាន Etihad៕