(ម៉ូនិច)៖ យុគសម័យបាល់ទាត់ទំនើប Robert Lewandowski បានចាត់ទុករូបគេ ជាកំពូលកីឡាករខ្សែប្រយុទ្ធល្អបំផុត លើលោក ក្នុងចំណោមខ្សែប្រយុទ្ធ ៥នាក់នាពេលបច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយដោយ Marca នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

កីឡាករអន្តរជាតិប៉ូឡូញខាងលើដែលកំពុងលេងឲ្យក្លិប Bayern Munich បានសារភាពប្រាប់ព័ត៌មាន Bild ថា សមត្ថភាពមិនទាន់ដល់អាចប្រៀបធៀបជាមួយនឹង Cristiano Ronaldo និង Lionel Messi បានទេ គ្រាន់តែអាច ប្រហាក់ប្រហែលនឹងកីឡាករខ្សែប្រយុទ្ធពាក់លេខ៩ ផ្សេងទៀតក្នុងក្លិបដទៃ។

Lewandowski បានថ្លែងថា «ប្រសិនបើនិយាយពីកីឡាករពាក់លេខ៩ ដូចគ្នា ក្នុងតំណែងប្រយុទ្ធដូចគ្នា ខ្ញុំគិតថា Karim Benzema, Timo Werner, Luis Suarez, និង Kylian Mbappe ដែលរ៉ាប់រងក្នុងតួនាទីនេះបានល្អគេ ក្នុងចំណោមខ្សែប្រយុទ្ធដទៃ»

តែយ៉ាងណា ប្រធានក្រុមជម្រើសជាតិប៉ូឡូញខាងលើនេះ ក៏មិនភ្លេចដៃគូប្រយុទ្ធស្លាប់រស់នៅ Bundesliga, Erling Haaland ដែលកំពុងលេងឲ្យក្លិប Borussia Dortmund ដែរ និងក៏រំពឹងថា កីឡាករវ័យត្រឹមតែ ១៩ឆ្នាំរូបនេះ (Haaland) បន្តលេងនៅលីគកំពូលអាល្លឺម៉ង់ ២-៣ឆ្នាំទៀតដែរ។

Robert Lewandowski ជាកីឡាករខ្សែប្រយុទ្ធស្នូលប្រចាំក្លិបខា្លរខិន Bayern Munich និងជា Top scorer នៅ Bundesliga ទៀតផង និងជាក្តីកង្វល់ធំរបស់ក្លិបផងដែរ ប្រសិនបើរូបគេជួបបញ្ហារបួស និងទើបតែរកបាន ១គ្រាប់បន្ថែមផងដែរដោយបាល់ ១១ម៉ែត្រ ក្នុងជំនួបដែលជួយ Bayern យកឈ្នះម្ចាស់ផ្ទះ FC Union Berlin នៃការវិលចូលទីលានវិញ ក្រោយពេលផ្អាកដោយសារ COVID-19៕