(ភ្នំពេញ)៖ តារាកំប្លែង នាង ខ្មិប ដែលមានឈ្មោះពិតហៅថា រ៉េន សុធារី ត្រូវបានមហាជនសង្កេតឃើញថា មានរឿងអាស្រូវជាហូរហែ ជាមួយរឿងគ្រួសារ និងផ្ទាល់ខ្លួន។ គឺចាប់តាំងពីលែងលះជាមួយតារាកំប្លែង នាយ ហុងដា កាលពីឆ្នាំ២០១០ មក នាង ខ្មិប បានបាត់មុខឈឹងពីសិល្បៈ និងត្រឡប់មកវិញ នៅអំឡុងឆ្នាំ២០១៧ ក្នុងសភាពដុនដាប គួរឲ្យអាណិតទៅវិញ។ ថ្មីៗនេះ ទទួលព័ត៌មានថា នាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។

ក្រោយទទួលបាននូវព័ត៌មានរបស់ នាង ខ្មិប ហើយនោះ មហាជនមួយចំនួនសម្តែងនូវការនឹកស្មានមិនដល់ រហូតដល់មានអ្នកខ្លះ ថានេះមិនមែនជាការពិតទៅវិញ។ តែយ៉ាងណា ប្រធានសមាគមសិល្បករខ្មែរ លោក ហេង ឡុង បានចេញមុខមកបញ្ជាក់យ៉ាងដូច្នេះថា «អតីតតារាកំប្លែងនាងខ្មិប ពិតជាត្រូវបានអធិការខណ្ឌដូនពេញឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៧:០០នាទី ពិតប្រាកដមែន។ រង់ចាំទទួលដំណឹងស្អែក ថាតើទោសរបស់គាត់ត្រឹមកម្រិតណា។ សូមយុវជន ជៀសឲ្យឆ្ងាយពីគ្រឿងញៀន!»

បើគេនៅចាំមិនភ្លេច នាង ខ្មិប ធ្លាប់ត្រូវបានអ្នកសិល្បៈជាច្រើនផ្តល់ជំនួយឲ្យជាហូរហែ បន្ទាប់ពីលេចមុខ ក្នុងសភាពដុនដាប មានមុខខ្វះក្រោយគួរឲ្យអាណិត។ ហើយនេះមិនមែនជាលើកទី១នោះទេ ដែលនាងមានរឿងអាស្រូវពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន រហូតពេលនេះ ត្រូវបានមហាជនលាន់មាត់ថា នាងខ្មិបអស់កែ ខុសម្តងជាពីរដងហើយ នៅតែប្រព្រឹត្តទោះបីជាដឹងថា នេះជាអំពើដែលសង្គមស្អប់ខ្ពើម។

គេនៅចាំបានថាការលែងលះជាមួយតារាកំប្លែង នាយ ហុងដា បានបន្សល់ កូនប្រុសរបស់នាង ខ្មិប ដែលជាដំណក់ឈាមរួមគ្នាជាមួយលោក ហុងដា រស់នៅជាមួយលោកហុង​ដាជាឪុកហើយក៏មានពាក់ព័ន្ធជាមួយអំពើឃាតកម្មសម្លាប់ប្រពន្ធក្រោយរបស់ នាយ ហុងដា។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងរឿងរ៉ាវផ្ទាល់ខ្លួនរបស់នាង ខ្មិប ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពេលនេះ គឺនៅមិនទាន់ដឹងនោះទេ ថាតើសំណុំរឿងរបស់នាង នឹងត្រូវដោះស្រាយយ៉ាងម៉េចនោះ៕