(ម៉ាឌ្រីដ)៖ លោក Javier Tebas ប្រធានក្របខណ្ឌបាល់ទាត់ La Liga បានធ្វើការសរសើរដល់ការរៀបចំ Bundesliga ឡើងវិញ និងថាជាលីគដែលលីគនៃប្រទេសដទៃគួរយកគំរូតាមថែមទៀតផង។

លោក Tebas បានថ្លែងប្រាប់ El Partidazo ថា «ខ្ញុំពិតជារីករាយ និងសាទរចំពោះពួកគេខ្លាំងណាស់ និងជាពិសេសប្រធាន Bundesliga ផ្ទាល់តែ ដែលចេះរៀបចំអំពីការវិលត្រឡប់ប្រកួតឡើងវិញ ប្រកបដោយសុវត្ថិភាពខ្ពស់។ ពួកគេបានរួមសហការគ្នាយ៉ាងល្អ ដែលអាចនិយាយបានថា ជាលីគដែលបណ្តាលីគដទៃគួរយកគំរូតាមថែមទៀតផង»

លីគកំពូលអាល្លឺម៉ង់ Bundesliga បានចាប់ផ្តើមប្រកួតឡើងវិញកាលពីថ្ងៃសៅរ៍-អាទិត្យចុងសប្តាហ៍ដោយរលូន នៃសប្តាហ៍ដំបូង ក្រោយពេលផ្អាកជាបណ្តោះអាសន្នដោយសារ COVID-19 កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ មក តែគ្រប់ប្រកួតលេងបិទទ្វារ ធ្វើតេស្តមុនចូលទីលាន ពាក់ម៉ាស់ និងរក្សាគំលាតនៅតែបន្តធ្វើឡើងដដែល។

បុរសសញ្ជាតិអេស្ប៉ាញខាងលើនេះបានបន្ថែមទៀតថា រូបលោកបានកំពុងតែពិនិត្យចំពោះលទ្ធភាពដែលអាចចាប់ផ្តើម La Liga ឡើងវិញត្រឹមថ្ងៃទី១២ ខែមិថុនា គ្រាដែលតាមគម្រោងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។

លោក Tebas បានសង្កត់ធ្ងន់ថា លោកមិនអាចធ្វើអ្វីបាន ក្រៅតែពីរង់ចាំដោយអាជ្ញាធរសុខាភិបាលចេញបញ្ជានោះទេ និងទទូចដល់កីឡាករគ្រប់ចូលរួមទទួលខុសត្រូវ ដើម្បីបញ្ចៀសការចម្លង ក៏ដូចជាឆ្លងជំងឺ COVID-19 រហូតដល់ប្រទេសអេស្ប៉ាញបើកឲ្យមានការជួបជុំឡើងវិញ៕