(បរទេស)៖ ផលិតកម្មធំប្រចាំប្រទេសកូរ៉េខាងត្បូង YG Entertainment បានប្រកាសគម្រោងវិលត្រឡប់របស់ BLACKPINK ជាមួយអាល់ប៊ុមធំ មាន៣ដំណាក់កាល គឺចាប់ពីខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០២០ ខាងមុខ។

ដំណាក់កាលទី១៖ ផលិតកម្ម YG បានឲ្យដឹងថា «បន្ទាប់ពីធ្វើការអស់ជាច្រើនម៉ោង នៅពេលនេះ BLACKPINK បានបញ្ចប់ការថតសម្លេង សម្រាប់អាល់ប៊ុមធំលើកដំបូង ដែលមានចម្រៀងលើស ពី១០បទ រួចរាល់ហើយ។ អាល់ប៊ុមធំលើកដំបូងរបស់ BLACKPINK នឹងត្រៀមបញ្ចេញចំណងជើង នៅខែមិថុនា ឆ្នាំ២០២០។ លើសពីនេះ ក្រុមចម្រៀងស្រី BLACKPINK ថ្មីៗនេះ កំពុងជិតនឹងបញ្ចប់ ការថត MV និងក្បាច់រាំផងដែរ»

ដំណាក់ទី២៖ «បន្ទាប់ពីគម្រោងទី១ បានបញ្ចប់ ជាមួយការចាប់ផ្តើមដ៏ខ្លាំងក្លា ផលិតកម្ម YG នឹងបញ្ចេញបទចម្រៀងទី២របស់ BLACKPINK នៅក្នុងទម្រង់យ៉ាងពិសេសមួយ។ ហើយគម្រោងទី២នេះ នឹងកើតឡើងនៅក្នុងខែកក្កដា ឬខែសីហា។ នៅអំឡុងពេលនេះ ខាងផលិតកម្មមិនអាចនិយាយអ្វីលំអិត អំពីគម្រោងការទាំងអស់នេះបានទេ។ សង្ឃឹមថា អ្នកគាំទ្រនឹងយោគយល់លើបញ្ហានេះ»

ដំណាក់ទី៣៖ នៅពេលដំណាក់ទី១ និងទី២ បានបញ្ចប់ រួចរាល់ហើយ នោះ BLACKPINK នឹងបញ្ចេញ Album Studio លើកដំបូងនៅខែកញ្ញា តែម្តង។ ជាក់ស្តែង ផលិតកម្ម YG បានឲ្យដឹងថា «យើងបានរៀបចំ Full Album នេះអស់រយៈពេលយូរណាស់មកហើយ ហើយយើងចេញមាតិកា ជា៣ដំណាក់កាល ផ្សេងៗគ្នាបែបនេះ គឺដើម្បីឲ្យ BLACKPINK និងអ្នកគាំទ្រ មានឱកាសជួបគ្នាបានច្រើន និងទទួលបានការសម្តែងផ្សេងៗជាច្រើនទៀតផងដែរ»

ផលិតកម្ម YG បន្ថែមថា «សូមធ្វើការគាំទ្រចម្រៀងរបស់ Lady gaga មានចំណងថា Sour Candy ដែលសហការណ៍ជាមួយ BLACKPINK នៅថ្ងៃទី២៩ ខែឧសភាខាងមុខនេះ»

គួរបញ្ជាក់ថា គម្រោង៣ដំណាក់ខាងលើ គឺជា គម្រោងលក្ខណៈសកលជាមួយនឹងក្រុមហ៊ុន Universal Music ដែលជាផ្លាកសញ្ញាតន្រ្តីនៅលើពិភពលោក។ លើសពីនេះ ការវិលត្រឡប់មកវិញរបស់ BLACKPINK នឹងវាយលុកលើទីផ្សារពិភពលោកផងដែរ។

ការប្រកាសការវិលវិញរបស់ BLACKPINK ខាងលើ ធ្វើឲ្យបណ្តាលអ្នកគាំទ្រមួយចំនួន មិនពេញចិត្ត ដោយគិតថា ហេតុអ្វី ការវិលវិញជា អាល់ប៊ុមធំលើកដំបូងរបស់ BLACKPINK បែរជានៅក្រោយការបញ្ចេញក្រុមចម្រៀងប្រុសថ្មី Treasure ទៅវិញ។ ហើយ ចម្រៀងទោល សមាជិកដែលសល់ រួមមាន Rosé, Lisa, Jisoo នឹងកាន់តែយូរថែមទៀត វាអាចនឹងឆ្នាំក្រោយក៏ថាបាន៕