(ភ្នំពេញ)៖ តារាសម្តែងស្រីមានប្រជាប្រិយភាព សូដា នីតា ពេលនេះកំពុងតែជួបបញ្ហាក្នុងគ្រួសារ ដោយអ្នកម្តាយជាទីស្រលាញ់របស់ខ្លួន បាននឹងកំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ មិនតែប៉ុណ្ណោះកញ្ញា សូ ដានីតា ក៏បានលើកដៃបន់ព្រះសំពះទេវតា ឲ្យតាមជួយថែរក្សាឃុំគ្រងជីវិត អ្នកម្តាយ បើទោះបីជាត្រូវកាត់អាយុ៥ ឬ១០ឆ្នាំ ក៏ព្រម ខណៈដែលពេលនេះ ម្ដាយរបស់នាងកំពុងស្ថិតក្នុងការតាមដានព្យាបាលរបស់ក្រុមគ្រូពេទ្យនៅឡើយ។

យោងទៅលើគណនីហ្វេសប៊ុក របស់តារា សម្ដែងស្រី សូ ដា នី តា បានរៀបរាប់ដោយកម្សត់ ថា «ក្រោកឡើងអ្នកម្តាយ មកច្រៀងលេងទៀត ម៉ាក់ថា មើលមិនឃើញទេ ប្តូរដាក់ទូរសព្ទ័ច្រៀងវិញ មិនដាក់អោយខឹង ខឹងហើយក៏នៅតែច្រៀងទៀត ក្រោកមកម៉ាក់អើយ កូនចាំម៉ាក់ មកច្រៀង មកជេរក៏បាន កូនមិនសុំច្រើនទេ សុំត្រឹមម៉ាក់បើកភ្នែកហើយនិយាយ ទោះម៉ាក់គេងលើកន្ទេលកូនត្រូវជូតសំអាតខ្លួនម៉ាក់រហូតក៏កូនមិនត្អូញត្អែរ ក្រោកឡើងម៉ាក់ កូនរកការព្យបាលអស់ហើយ ទោះថ្លៃ រាប់ពាន់ដុល្លាក៏មិនអី ក៏កូនស៊ូ ដើម្បីម្តាយកំសត់ម្នាក់នឹងគ្រួសារ១នេះមិនហត់ទេម៉ាក់»

នាងបន្តថា «កុំទៅចោលកូន កូនអត់មានអ្នកណាឱបកូន កក់ក្តៅជាងម៉ាក់ឱបកូននោះទេ ក្រោកមកម៉ាក់ កុំខ្លាចកូនហត់កូនអស់លុយច្រើនដោយសារម៉ាក់អី ជីវិត១នេះ ម៉ាក់អោយកូន កូនមិនខ្លាចរហែកសាច់ដាច់ឈាម ដោយសារតែមើលថែរម៉ាក់នោះទេ កាត់អាយុកូន៥ឆ្នាំ១០ឆ្នាំក៏បាន រឺរហូតចាំទៅជុំជាមួយកូនក៏បាន កូនមិនទទួលបានទេ នូវការបាត់បង់ម៉ាក់បែបនេះ ក្រោកឡើងណាម៉ាក់»

តាមរយៈដំណឹងនៃការធ្លាក់ខ្លួនឈឺធ្ងន់ ម្ដាយ របស់តារាសម្ដែងកញ្ញា សូ ដានីតា ភ្លាមៗនោះ បានធ្វើឲ្យមហាជន ជាពិសេសអ្នកក្នុងចង្កោមសិល្បៈជាច្រើន បានផ្ញើសារសួរនាំ និងជូនពរឲ្យអ្នកម្ដាយរបស់នាង បានធូរស្បើយពីជំងឺ និងឆាប់ជាសះស្បើយផងដែរ៕