(ភ្នំពេញ)៖ តារាចម្រៀងអ្នកនាង សុន ស្រីពេជ្រ ដោយសារតែទ័លខ្លាំងពេក នាងដាច់ចិត្តស្រែកអំពាវនាវ សុំជំនួយពីសប្បុរសជន ទាំងលែងខ្មាស់អៀន ដើម្បីជួយដល់ជីវិតប្អូនប្រុស ដែលឈឺធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ និងកំពុងត្រូវការឈាមយ៉ាងខ្លាំង។

យោងទៅលើគណនីហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀង អ្នកនាង សុន ស្រីពេជ្រ បានរៀបរាប់ឲ្យដឹងថា «បងប្អូនអើយជួយប្អូនខ្ញុំផង ពេលនេះខ្ញុំទ័លខ្លាំងណាស់ គ្មានទាំងលុយគ្មានទាំងឈាមបញ្ចូលអោយប្អូនទេ ខ្ញុំលែងខ្មាស់អៀន អ្នកណាទៀតហើយ មានតែធ្វើម៉េចអោយប្អូនបានជា មុនមិនទាន់មានជំងឺកូវីដរាតត្បាត ទោះអត់យ៉ាងណាក៏ខ្ចីលុយគេ ពីនេះពីនោះបាន ពេលច្រៀងបានលុយបង្វិលសងគេ តែអីលូវខ្ញុំពឹងលើអ្វីការងារ ចប់ទាំងអស់ ព្រោះកូរ៉ូណា បងប្អូនខ្ញុំទាំងអស់ក៏រស់ដោយសារសិល្បៈពេលមានអាសន្នជួយគ្នាបាន តែពេលនេះចប់ទាំងអស់គ្នា ខ្ញុំសូមលើកដៃ សូមបងប្អូនសប្បុរសជនជួយប្អូននាងខ្ញុំង 1$ 2$ ក៏អាចជួយសម្រួល និងជួយជីវិតប្អូនខ្ញុំបានផុតពីសេចក្តីស្លាប់ដែរ បងសង្ឃឹមថាប្អូនប្រុស បងទ្រាំបានដល់ស្អែក ស្អែកមានគេជួយឈាមនិងប្លាកែតអូនហើយ ទ្រាំណាអូនណា»

មកទល់ពេលនេះ ការសុំអំពាវនាវ សុំជំនួយពីសប្បុរសជន របស់តារាចម្រៀងអ្នកនាង សុន ស្រីពេជ្រ ដើម្បីជួយជីវិតប្អូនប្រុស គេក៏សង្កេតឃើញមានការ ចូលរួមជួយផ្ដល់ជាជំនួយបន្តបន្ទាប់ពីមិត្តអ្នកសិល្បៈ រួមទាំងមហាជន មួយចំនួនផងដែរ៕