(បរទេស)៖ អាជ្ញាធរអេស្បាញបានចាប់ផ្តើមបង្កើតមន្ទីរពេទ្យនៅតាមទីវាលរចំនួន ៤ ទីតាំងដំបូងនៅឯទីក្រុងបាសេឡូណា កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ ដើម្បីកាត់បន្ថយសម្ពាធនៃការកើនឡើងចំនួនអ្នកជម្ងឺ ដែលចាំបាច់ត្រូវការសម្រាកមន្ទីរពេទ្យក្នុងមន្ទីរពេទ្យ នាជុំវិញករណីលេចឡើងជាបន្តបន្ទាប់ នូវវីរុសជម្ងឺឆ្លងប្រភេទនេះនៅក្នុងប្រទេស។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN កន្លងទោថ្មីៗនេះ។

គ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់បណ្តោះអាសន្ន ត្រូវបានគេយកទៅផ្ទុកនៅក្នុងមន្ទីរពេទ្យរដ្ឋធំៗចំនួន ៤ ទីតាំងនៅក្នុងទីក្រុង ដែលជាអាចឲ្យអ្នកជម្ងឺស្នាក់អាស្រ័យបានរហូតជាង ៦០០នាក់ឯណោះ។ ទីតាំងទីមួយត្រូវបានឲ្យដឹងថា នឹងធ្វើការបង្កើតឡើងគឺនៅក្នុងមជ្ឈមណ្ឌលកីឡានៃក្រុង ដែលស្ថិតនៅក្បែរមន្ទីរពេទ្យវ៉លឌឺបូន។

យើងសង្កេតឃើញថា ភ្នាក់ងារគ្រប់ជាន់ថ្នាក់តាមផ្នែកផ្សេងៗដូចជា ក្រុមអ្នកពន្លត់អគ្គិភ័យរួមជាមួយបុគ្គលិកពេទ្យជាច្រើន មានសកម្មភាពមមាញឹកយ៉ាងខ្លាំង ក្នុងការរៀបចំទីតាំងថ្មីនេះ ដែលមានគម្រោងអាចនឹងចាប់ផ្ដើមដំណើរការនាសប្ដាហ៌ក្រោយនេះតទៅ៕