(ក្រុងរ៉ូម)៖ លោក Marcello Lippi អតីតអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិអុីតាលីបានថ្លែងថា លីគកំពូល Serie A រដូវកាលឆ្នាំ២០១៩-២០២០ គួរតែត្រូវបិទបញ្ចប់តែម្តងទៅ ដើម្បីកុំឲ្យជះឥទ្ធិពលដល់រដូវកាលក្រោយ។

លោកបានថ្លែងប្រាប់ Radio Sportiva ថា «តាមគំនិតខ្ញុំ រាល់ការប្រកួតដែលនៅសេសសល់ទាំងអស់ គួរតែត្រូវបានបិទបញ្ចប់។ ប្រសិនបើបញ្ចប់ត្រឹមខែឧសភា នោះមានន័យថា នឹងប៉ះពាល់ដល់រដូវកាលថ្មីដែលចាប់ផ្តើមឡើងនាខែសីហា ឬខែកញ្ញានោះទេ»

បុរសដែលធ្លាប់ដឹកនាំក្លិបធំ សេះបង្កង់ Juventus ផងនោះបានគូសបញ្ជាក់ថា «ការលេងដោយបិទទ្វារ គេមិនហៅថា បាល់ទាត់នោះទេ ប៉ុន្តែក្នុងករណីចាំបាច់ គេក៏មិនត្រូវការអ្នកគាំទ្រនៅទីនោះដែរ ដោយផ្តល់សិទ្ធិឲ្យតែប្រព័ន្ធផ្សព្វផ្សាយទៅបានហើយ ក្នុងការទស្សនានៅគេហដ្ឋានក៏បាន»

គួរបញ្ជាក់ផងថា លីគកំពូល Serie A របស់អុីតាលី បានបង្ខំចិត្តប្រកួតបិទទ្វារចំនួន ៥ប្រកួតក្នុងនោះក៏មានជំនួបធំរវាង Juventus ទល់នឹង Inter Milan ទៀត មុនពេលប្រកាសផ្អាកជាផ្លូវការនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ដោយសារប្រទេសនៅតំបន់អឺរ៉ុបមានអ្នកឆ្លង និងស្លាប់ច្រើនហួសប្រមាណ៕