(ភ្នំពេញ)៖ កីឡាករ ភួង សុខសាណា ប្រធានក្រុមសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) បានសម្ដែងការបារម្ភ ចំពោះការធ្លាក់ចុះទម្រង់លេងជាក្រុមក្នុងគ្រាវិបត្តិជំងឺ Covid-19 ដែលបង្ខំឲ្យក្រុមត្រូវផ្អាកការប្រមូលផ្ដុំបណ្ដោះអាសន្ន។

សាណា បានបញ្ជាក់ថា បច្ចុប្បន្នការហ្វឹកហាត់របស់ក្រុម ត្រូវបានកាត់បន្ថយច្រើន ដោយសារជំងឺ Covid-19 ដោយមានអ្នកខ្លះ ត្រូវយកលំហាត់ពីគ្រូ ទៅហាត់នៅផ្ទះរៀងៗខ្លួន ហើយមានអ្នកខ្លះ ត្រូវហាត់នៅក្លិប សម្រាប់អ្នកស្នាក់នៅក្លិប។ ហេតុនេះ ខ្លួនបារម្ភពីការធ្លាក់ចុះទម្រង់លេង ព្រោះជាគោលការណ៍ ក្លិបផ្ដល់ឲ្យកីឡាករម្នាក់ ប្រឹងហាត់ ដើម្បីរក្សាកម្លាំង និងទម្ងន់សិន។

គួរបញ្ជាក់ថា បច្ចុប្បន្នក្លិបស្ទើរទាំងអស់នៃលីគកំពូលកម្ពុជា ត្រូវបានផ្អាកការប្រមូលផ្ដុំហ្វឹកហាត់បណ្ដោះអាសន្ន ដោយសារការរាតត្បាតជាសកលនៃជំងឺ Covid-19 រួមទាំងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទផងដែរ ស្របពេលលីគកំពូលកម្ពុជា នូវមិនទាន់មានការកំណត់កាលបរិច្ឆេទច្បាស់លាស់ នឹងត្រឡប់មកវិញនៅពេលណានោះទេ៕