(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ១៩ សិល្បករ-សិល្បការិនី របស់កម្ពុជាជាច្រើនដួង បានរួមគ្នាបង្កើតគម្រោងមួយមានឈ្មោះថា «ខ្ញុំគឺអ្នក អ្នកគឺយើងទាំងអស់គ្នា» ដែលមានគោលបំណងរួមចំណែក ក្នុងការដាស់តឿនស្មារតីប្រជាជនខ្មែរ ឲ្យចេះការពារខ្លួនពីកូវីដ១៩។ គម្រោងមួយនេះ ទទួលបានការពេញចិត្តយ៉ាងខ្លាំងពីមហាជន ព្រោះជាផ្នែកមួយចូលរួមផ្សព្វផ្សាយនូវចំណេះដឹងនានា ពាក់ព័ន្ធនឹងការការពារខ្លួនពីកូវីដ១៩ តាមរយៈការថតរូបសខ្មៅ ពាក់ម៉ាស និងមានវីដេអូចែករំលែក ពីការធ្វើអនាម័យផ្ទាល់ខ្លួន និងវិធីសាស្ត្រនានាក្នុងការការពារខ្លួនពីកូវីដ១៩ជាដើម។

តារាសម្តែងប្រុសល្បីឈ្មោះ ដែលមានប្រវត្តិចូលរួមក្នុងកម្មវិធីសិល្បៈធំៗនៅក្រៅប្រទេស និងកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងវិស័យសិល្បៈគឺ លោកខាត់ វៃហាំង ក៏ជាតារាមួយរូបក្នុងគម្រោង «ខ្ញុំគឺអ្នក អ្នកគឺយើងទាំងអស់គ្នា» នេះផងដែរ។ លោកបានថ្លែងប្រាប់ Fresh News និង KhmerTalking ថា គម្រោងមួយនេះ គឺបង្កើតឡើងដោយ C.nation studio. លោក ពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលមានវត្តមានក្នុងគម្រោងមួយនេះ ព្រោះក្នុងនោះ​មានសិល្បករជាច្រើនចូលរួម។ ជាពិសេសក្នុងគម្រោងមួយនេះ លោកបានចូលរួមបង្ហាញសារទៅដល់ប្រជាជនកម្ពុជា ឲ្យចេះការពារពីជំងឺឆ្លងកូវីដ១៩ និងកាត់បន្ថយការរីករាលដាលនៃការឆ្លង។

តាមរយៈកិច្ចសម្ភាសន៍នេះ លោក ខាត់ វៃហាំង ក៏បានផ្តាំផ្ញើនូវសារមួយចំនួន ដល់ប្រជាជនកម្ពុជា ឲ្យសំអាតដៃជាមួយសាប៊ូ ឬទឹកអាល់កុល និងវាស់កំដៅជាប្រចាំផងដែរ។ ជាពិសេស ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខ មុនពេលត្រឡប់ទៅស្រុកកំណើត លោកខាត់ វៃហាំង បានផ្តាំផ្ញើដល់មហាជនទាំងអស់ ឲ្យធ្វើកាពិនិត្យសុខភាពឲ្យបានត្រឹមត្រូវជាមុនសិន មុនពេលទៅលេងស្រុក ដើម្បីឲ្យប្រាកដថាខ្លួនគ្មានកូវីដ១៩។ ការធ្វើបែបនេះ គឺដើម្បីជៀសវាងការចម្លងកូវីដ១៩ ទៅកាន់ក្រុមគ្រួសារ។

ជាក់ស្តែង ក្នុងគម្រោងមួយនេះគេសង្កេតឃើញថា មានសិល្បករជាច្រើនដូចរួមក្នុងនោះដូចជា៖ លោក ខាត់ វៃហាំង, កញ្ញា ស៊ិន យូប៊ិន, កញ្ញា ទេព បូព្រឹក្ស, លោក ជា វិបុល, អ្នកនាង គង់ សុជាតិ, អ្នកនាងគង់ ចាន់ស្រីមុំ និងស្វាមី, លោក ហេង វិសាល, កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន, លោក ម៉ា និត, កញ្ញា វណ្ណៈ បូរមី និងតារាប្រុសស្រីជាច្រើនរូបទៀត៕