(សេអ៊ូល)៖ យោងតាមសារព័ត៌មានកូរ៉េខាងត្បូងបានឲ្យដឹងថា Tara Anne ដែលជាអ្នកគ្រប់គ្រង ឬអ្នកចាត់ការផ្ទាល់របស់តារាចម្រៀងស្រី Tiffany សមាជិកក្រុម Girl’s Generation ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញវជ្ជមានចំពោះកូវីដ១៩។

បើតាមមិត្តភ័ក្តជិតស្និតរបស់ Tara បានប្រាប់ទស្សនិកជនតាមរយៈ Gofundme ថា Tara ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញវត្តមានចំពោះកូវីដ១៩។ មិត្តរបស់នាងក៏បានបន្ថែមថា Tara មានជំងឺរលាកសួត ដែលបង្ករឡើងដោយកូវីដ១៩។ នាងពិបាកក្នុងការប្រឈមមុខជាមួយនឹងជំងឺឆ្លងនេះជាខ្លាំង ដោយសារមានភាពលំបាកទាំងផ្នែករាងកាយ និងផ្នែកហិរញ្ញវត្ថុ ព្រោះទាមទារឲ្យនាងមានប្រាក់គ្រប់គ្រាន់ក្នុងការព្យាបាល និងទិញថ្នាំ។

ការចេញមុខមកចែករំលែកព័ត៌មានពីលទ្ធផលធ្វើតេស្តវិជ្ជមានរបស់ Tara ពេលនេះ មិត្តរបស់នាងក៏បានអំពាវនាវដល់ទស្សនិកជនឲ្យចូលរួមជួយនាងផងដែរ តាមរយៈការផ្តល់ជំនួយដល់ Tara ដើម្បីឲ្យនាងមានសុខភាពប្រសើរឡើងវិញ។

គួរជម្រាបថា Tara Anne បានធ្វើជាអ្នកចាត់ការផ្ទាល់របស់តារាស្រី Tiffany សមាជិកក្រុម Girl’s Generation តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។ Tara បានរៀបចំការងារទាំងក្នុង និងក្រៅប្រទេស សម្រាប់ Tiffany និយាយរួមរាល់គ្រប់កម្មវិធី គ្រប់ទីកន្លែងមិនថា នៅអាស៉ី ឬទៅសហរដ្ឋអាមេរិកឡើយ Tara គឺជាអ្នកមើលការទទួលខុសត្រូវលើតារាស្រី Tiffany ផ្ទាល់តែម្តង៕