(ក្រុងឡុងដ៍)៖ Top scorer ប្រចាំក្លិបមាន់ខ្នាយមាស Tottenham Hotspur ខ្សែប្រយុទ្ធ Harry Kane អាចនឹងចាកចេញពីក្លិបនៅទីក្រុង London នារដូវក្តៅខាងមុខនេះ ដោយសារតែចង់ឈ្នះពាន។

កីឡាករសញ្ជាតិអង់គ្លេស វ័យ២៦ឆ្នាំខាងលើនេះបានចាយពេល ៩ឆ្នាំជាមួយ Spurs គិតចាប់តាំងពីឆ្នាំ២០១១ មក ដោយពុំធ្លាប់ឈ្នះពានណាមួយជាដុំកំភួននៅឡើយទេ អស់ណាស់ត្រឹមរងជើងឯកពានអឺរ៉ុប UEFA Champins League កាលពីរដូវកាលមុន។

Kane បានថ្លែងប្រាប់ BBC ថា «ខ្ញុំអាចនឹងចាកចេញពីក្លិប Spurs ប្រសិនបើក្លិបនេះមិនមានការវិវត្តន៍ទេ ដោយសារតែខ្ញុំចង់ឈ្នះពានឆាប់ៗនេះ ជាជាងរង់ចាំ»

ដូចគ្នានោះដែរ លោក Chris Sutton អតីតកីឡាករ និងអ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេសក៏បានលើកឡើងដែរថា «វាជាភាពឆោតល្ងង់មួយរបស់ Kane ប្រសិនបើមិនចាកចេញពី Spurs ដើម្បីទៅចូលរួមជាមួយក្លិបធំ Manchester City ឬក៏ហង្សក្រហម Liverpool នោះ គ្រាដែលក្លិបទាំងនេះ មានឱកាសឈ្នះពាន Prmier League រួមទាំងពានផ្សេងៗទៀតច្រើនជាងគេ Spurs»

គួរបញ្ជាក់ផងថា កិច្ចសន្យាចាស់របស់ Kane នៅជាមួយក្លិប Spurs មានរហុតដល់ឆ្នាំ២០២៤ ខណៈក្លិបមាន់ខ្នាយមួយនេះនៅពុំទាន់ឈ្នះពានណាមួយនៅឡើយទេ ក្រោយពេលឈ្នះពាន League Cup ១ប៉ុណ្ណោះ គិតចាប់តាំងពីឆ្នាំ២០០៨មក៕