(តូក្យូ)៖ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវកាលក្តៅ Summer Olympic Games នឹងចាប់ផ្តើមប្រកួតជាផ្លូវការនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បន្ទាប់ពីត្រូវបានលើកពេលដោយសារតែវិបត្តិវីរុស Covid-19 ទូទាំងសកលលោកនាឆ្នាំ២០២០នេះ។

សេចក្តីសម្រេចចុងក្រោយនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយរវាងប្រធាន Olympic Games ប្រចាំទីក្រុងតូក្យូពិភាក្សាជាមួយនាយកប្រតិបត្តិនៃ IOC នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ ដើម្បីរកច្រកចេញសម្រាប់យុទ្ធនាការដែលរយៈពេល ៤ឆ្នាំម្តងនេះ បន្ទាប់ពីសម្រេចលើកពេលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ហើយនោះ។

ព្រឹត្តិការណ៍ Tokyo Olympic Games 2021 នឹងចាប់ផ្តើមប្រកួតប្រជែងយកមេដាយជាផ្លូវចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា គ្រាដែលព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក (ជនពិការ) នឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែសីហា និងបញ្ចប់ទៅវិញនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ដូចគ្នា នៅប្រទេសជប៉ុនដែលស្ថិតក្នុងទ្វីបអាស៊ីតែមួយគត់៕