(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងតម្រូវឲ្យការអនុវត្តរាល់សកម្មភាព ឬការជួបជុំ ឬការហាត់ប្រាណ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក) ត្រូវអនុវត្តក្នុងទ្រង់ទ្រាយតូចក្រោម ១០នាក់ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់នៃការឆ្លងជំងឺ Covid-19។

សេចក្ដីជូនដំណឹងនេះ បានធ្វើឡើងស្របពេលស្ថានភាពបច្ចុប្បន្ន ជំងឺកូរ៉ូណា ហៅ Covid-19 កំពុងរីករាលដាលខ្លាំងជាសកល។ ដោយហេតុនេះ ទើបក្រសួងអប់រំចេញវិធានការខាងលើ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលដោយសារជំងឺដ៏កាចសាហាវនេះជាមួយរាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា កន្លងមកក្រសួងអប់រំ បានចេញនូវវិធានការជាច្រើន ដូចជាការផ្អាកការប្រកួតកីឡាធំៗមួយចំនួន និងការប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិជាដើម ក្នុងន័យកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ Covid-19 ដូចគ្នា៕