(ភ្នំពេញ)៖ កីឡាករ ម៉ាត់ នូរុណ បានបញ្ជាក់ថា បញ្ហារបួសគេបានធូរច្រើនហើយឥឡូវហ្នឹង តែយ៉ាងណា អត់អាចទៅហាត់ជាមួយគេឯងបានឲ្យស្រួលបួលទេ គឺបានត្រឹមតែហ្វឹកហាត់កាយសម្បទានៅកន្លែង gym ប៉ុណ្ណោះ។ ក្រៅពីនេះ គេរត់បានខ្លះៗដែរដើម្បីរក្សាកម្លាំង។

អ្វីដែលសំខាន់ផងនោះ នូរុណ រងរបួសសន្លាក់ជង្គង់អំឡុងជំនួបក្របខណ្ឌលីគកំពូលកម្ពុជានៅកីឡដ្ឋាន Cambodia Airways បន្ទាប់ពីប៉ះទង្គិចគ្នា តម្រូវឲ្យប្ដូរចេញតែម្ដង។ គេក៏ធ្លាប់មានបញ្ហាស្រដៀងគ្នានេះកាលចុងឆ្នាំ២០១៨ ដែលអូសបន្លាយដល់ជុំទីពីររដូវកាលមុនទើបអាចចូលលេងបាន។

គួរដឹងដែរថា បញ្ហារបួសពេលនោះ ក៏ធ្វើឲ្យអតីតសមាជិកអគ្គិសនីកម្ពុជាខាងលើខកខានឱកាសជាប់ជម្រើសជាតិក្នុងការប្រកួតធំៗមួយចំនួន ជាពិសេសទៅចូលរួមស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនថែមទៀតផង។

សូមបញ្ជាក់ថា នូរុណ រកបាន ១គ្រាប់ដោយបាល់ប៉េណាល់ទីក្នុងជំនួបឆាកលីគកំពូលកម្ពុជា ឆ្នាំ២០២០ ពេលស្មើម្ចាស់ផ្ទះអង្គរថាយហ្គឺរ ១ទល់នឹង១ គ្រាដែលបឹងកេត ឆ្លងកាត់៤ប្រកួតកន្លងមកនេះ ឈ្នះ២ដង និងស្មើ២ដង ឈរនៅចំណាត់ថ្នាក់លេខ៥ និងមាន៨ពិន្ទុបណ្តោះអាសន្ន៕