(ភ្នំពេញ)៖ តារាសម្ដែងលោក ចៅខ្មែរ ដែលជាតួអង្គក្នុងរឿង «ម៉ាដាមអាប» និងជាម្ចាស់ផលិតផល CK Magic ដ៏ល្បីឈ្មោះក្នុងជំនួញអនឡាញ បានដឹកនាំក្រុមការងារចុះចែកទឹកអាល់កុល ដែលជាផលិតផលថ្មីរបស់ក្រុមហ៊ុនរហូតដល់១២០០ដប នៅផ្លូវបំបែកជាបួននៅស្ដុបអគារ៤២ជាន់ ឬ ស្ដុបពេទ្យចិនកាលពីថ្ងៃទី២៩ មីនា។ នេះជាទឹកអាល់កុលស្ដង់ដារជប៉ុន ដែលលោកអះអាងថា មិនធ្វើអោយខូចស្បែកដៃ និងជួយបំប៉នកោសិកាស្បែក ហើយមានកម្រិតសម្លាប់វិរុសកូវីដ ទើបលោកសម្រេចយកមកចែក ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូនខ្មែរ ដែលកំពុងតែមានតម្រូវការ។

លោក គុជ សុគន្ធរដ្ឋ ហៅចៅខ្មែរ បានបញ្ជាក់ក្នុងពេលសកម្មភាពសប្បុរសធម៌នោះថា ហេតុផលដែលលោកចំណាយថវិកាទិញទឹកអាល់កុលនេះមកចែកហ្វ្រី គឺដើម្បីអោយបងប្អូនដែលធ្វើដំណើរនៅស្តុបពេទ្យចិន បានទទួលទឹកអាល់កុលក្នុងការការពារខ្លួន ក្នុងពេលដែលផលិតផលនេះ កំពុងក្លាយជាតម្រូវការដ៏សំខាន់មិនអាចខ្វះបាននៅក្នុងពេលនេះ។ លោកថារំជួលចិត្តដែលបងប្អូនដែលទទួលទឹកអាល់កុលពីលោក និងក្រុមការងារ មានខ្លះមានវ័យស្មើ នឹងឪពុកលោក តែលើកដៃសំពះលោក។ ជាមួយគ្នានោះលោកប្រកាសធ្វើការចែកចាយនៅក្នុងសហគមមួយចំនួននៅតាមបណ្ដាខេត្តផ្សេងទៀត ជាពិសេសនៅខេត្តតាកែវក្នុងពេលបន្ទាប់ផងដែរ ដោយសារតែយល់ថា នៅរស់នឋោតាមខេត្តពិបាករកទិញផលិតផលដែលមានប្រយោជន៍បែបនេះ ជាងអ្នកនៅភ្នំពេញ។

តារាសម្ដែង ចៅខ្មែរ បានអះអាងថា បើទោះជាលោកជោគជ័យក្នុងការវាយលុកទីផ្សារផលិតផល CK Magic តែលោកប្រកាសថា នៅតែទទួលការសម្ដែងមិនបោះបង់នោះទេ។ ក្នុងនោះលោក និង ស្វាមីភេទដូចគ្នា ក៏នឹងធ្វើអោយមហាជនបន្តកោតសរសើរពីស្នេហាខុសធម្មជាតិរបស់ខ្លួន អោយបានយូរអង្វែងផងដែរ ដើម្បីកុំអោយមានការរិះគន់ថា មនុស្សស្រលាញ់ភេទដូចគ្នា រស់នៅជាមួយគ្នាមិនបានយូរ៕