(ភ្នំពេញ)៖ តារាហ្វេសប៊ុកកញ្ញា Bee Yobo កាលពីយប់ថ្ងៃទី២៧ មីនា ឆ្នាំ២០២០នេះ បានចុះចែកត្រីខ បាយ ភេសជ្ជៈ ម៉ាស់ និងទឹកអាល់កុលលាងដៃជាច្រើន ដែលជាផលិតផលរបស់ក្រុមហ៊ុននាងផ្ទាល់ ដែលជាប្រភេទទឹកលាងដៃ មានសារជាតិជួយស្បែក មិនក្ដៅ មិនរបក ដល់អ្នកស្នាក់នៅតាមសំយ៉ាបផ្សារ ដូចជានៅផ្សារអូរប្ញស្សី ផ្សារកណ្ដាល និងផ្សារចាស់ជាដើម ដោយក្រុមការងាររបស់នាង បានផ្ដល់ម៉ាស់សម្រាប់កូនក្មេង និងអាហារចំណីនៅក្នុងបេសកកម្មសប្បុរសធម៌មួយនេះ។

Bee Yobo បានបង្ហោះថា «ទឹកចិត្តបន្តិចបន្តួចសំរាប់ខ្មែរស្រលាញ់ខ្មែរ អាណិតពួកគាត់ណាស់ ពួកគាត់ខ្លះមិនយល់ពីការពាក់ម៉ាស់ នឹងការសំអាតដៃ ចឹងបេី​បងប្អូនដែលបានទៅចែកជំនួយដល់ពួកគាត់ ជួយបង្រៀនរបៀបប្រេីប្រាស់ផង ហេីយក៏សូមជូនបុណ្យដល់បងប្អូនទាំងអស់គ្នា នឹងអោយប្រទេសយេីងរួចផុតពីជំងឺនេះផង»

សកម្មសប្បុរសធម៌នោះ មានការបញ្ជាក់ពីក្រុមការងាររបស់ម្ចាស់ផលិតផលអនឡាញល្បីឈ្មោះនេះថា នាងបានចំណាយថវិការៀបចំជាអាហារ ស្បៀងមានត្រី មី ម៉ាស់ និងទឹកលាងដៃ ចែកជូនជាច្រើន ដោយដាក់ឡើងពេញគូទឡាន ជួបចែកៗតែម្ដង ខណៈដែលក្មេង និងគ្រួសារអ្នកដេកតាមសំយ៉ាបផ្សារ ជាពិសេសក្រុមជនអនាថា រួមមានអ្នកប្រមូលសំរាម និងក្រុមអ្នកធាក់ស៊ីក្លូជាដើម បានទទួលអំណោយនេះច្រើន។

ក្រុមការងារបន្តទៀតថា អ្នកស្នាក់នៅតាមសំយ៉ាបផ្សារ ត្រូវបានក្រុមការងារស្វះស្វែងចុះចែកចាប់ពីម៉ោង៦ល្ងាច រហូតដល់យប់ជ្រៅគួរសម ដោយបាយប្រអប់ ទឹកស៊ីអុីវ ភេសជ្ជៈ ម៉ាស់ និងទឹកអាល់កុល លាងដៃ គឺត្រូវបានចែកអស់គ្មានសល់៕