(បរទេស)៖ អូស្រ្តាលីបានដាក់កំហិតរឹតត្បិតយ៉ាងតឹងរឹង លើចលនាប្រជាជនរបស់ខ្លួនចាប់តាំងពីថ្ងៃទី២៣ ខែមីនាមកម្លេះដើម្បីជាកិច្ចក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃការផ្ទុះឡើងវីរុសកូវីដ-១៩ ដោយធ្វើការបិទឆ្នេរទាំងស្រុង ព្រមទាំងទីតាំងភោជនីយដ្ឋាន រង្គសាល រោងកុន និងកន្លែងហាត់ប្រាណទាំងអស់។ ការផ្លាស់ប្តូរនេះពិតជាទទួលបានប្រសិទ្ធិភាពយ៉ាងខ្លាំង ដោយយើងសង្កេតឃើញថា ការធ្វើចលនារបស់ប្រជាជននៅក្នុងទីក្រុង ទទួលបានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយជាក់ស្ដែងនាអំឡុងពេលនេះ នៅតាមដងវិថី និងទីសាធារណៈ ពិតជាមានសភាពស្ងប់ស្ងាត់ជាងធម្មតា ផ្ទុយទៅនឹងសភាពអ៊ូអរ ដែលធ្លាប់តែមាននៅក្នុងទីក្រុងស៊ីដនី។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN។

ក្រុមអ្នកសារព័ត៌មាន CGM បានធ្វើដំណើរទៅកាន់ «Sydney Opera House» ផ្ទាល់ និងបានឲ្យជ្រាបថា ចរាចរណ៌នៅលើដងវិថីពុំមានសភាពស្ទះដូចពីមុនឡើយ រីឯតំបន់ភ្ញៀវទេសចរណ៌ពេលនេះគឺមានចំនួនមនុស្សតិចបំផុត។ ក្រុមការងារក៏បានជួបសម្ភាសន៌ផ្ទាល់ ជាមួយនឹងបុរសជនជាតិអុីតាលីមួយរូបនៅទីនោះ លោកមានឈ្មោះ Georgia ធ្វើការនៅក្នុងសណ្ឋាគារមានមុខររបរជាអ្នកក្រឡុកស្រា។ ស្ថានភាពពេលនេះគឺ​លោកពុំអាចត្រឡប់ទៅកាន់ស្រុកកំណើតរបស់ខ្លួនបានឡើយ បូករួមទាំងការបាត់បង់ការងារ និងប្រាក់ខែជាប្រចាំរបស់លោកព្រមទៀតនោះ គឺលោកអាចបន្តជីវភាពប្រចាំថ្ងៃរបស់លោក បានត្រឹមតែរយៈពេលពីរខែទៀតតែប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកនូវតែបន្តការគិតគមនិតសុទិដ្ឋិនិយមជាបជានិច្ច បើទោះជាពុំដឹងថា ស្ថានភាពកើតឡើងទាំងនេះនឹងបញ្ចប់នៅពេលណាក្ដី៕