(ចិន)៖ លោក តឹង មីងកៃ មានអាយុ ២១ឆ្នាំ បម្រើការជាជាងកាត់សក់អស់រយៈពេល ៤ឆ្នាំមកហើយ ដោយគេតម្រូវ​ឲ្យគាត់ត្រូវវិលត្រឡប់មកបន្តការងាររបស់លោកវិញនៅថ្ងៃទី១ ខែកុម្ភៈ បន្ទាប់ពីឱកាសឈប់សម្រាកចូលឆ្នាំចិនបានរួចរាល់។ ប៉ុន្តែដោយសារ​ការវាយលុកនៃជម្ងឺវីរុសកូវីដ-១៩ បានរីករាលដាលពេញផ្ទៃប្រទេស ទើបគេតម្រូវឲ្យគាត់ផ្អាកព្យួរការងារទៅវិញ។ នេះបើយោងតាម​ប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN កន្លងទៅ។

កិច្ចសម្ភាសន៌ជួបជាមួយលោកផ្ទាល់ លោកបានបកស្រាយថា ក្នុងស្ថានភាពបែបនេះទោះជាយ៉ាងណាក៏ដោយ លោកពុំអាចអង្គុយស្ងៀមរងចាំទទេរបានឡើយ គឺ​លោកមានតែសម្រេចចិត្តបម្រើការសេវាកម្មជាអ្នកដឹកជញ្ចូនវិញម្ដង បើទោះជាលោកពុំធ្លាប់មានបទពិសោធន៌លើការងារនេះក្ដី។ លោកក៏បានបន្តឲ្យជ្រាបថា ការងារដឹកជញ្ចូននេះមានផលវិបាកច្រើន បើប្រៀបទៅនឹងការដែលធ្លាប់តែអង្គុយធ្វើជាជាងកាត់សក់របស់លោក ដោយលោកត្រូវជួបប្រទះបញ្ហាមួយចំនួនដូចជា កត្តាអាកាសធាតុ ព្រមទាំងកត្តាប្រឈមនឹងទិសដៅទីកន្លែងថ្មីៗមួយចំនួន ដែលលោកពុំធ្លាប់ជួបប្រទះពីមុនសោះឡើយ។

ការផ្ទុះឡើងនៃវីរុសកូរ៉ូណានេះបានបង្ករភាពខូចខាត ចំពោះវិស័យសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរមកទូទាំងពិភពលោក។ ឡានក្រុងស្ទើរតែគ្រប់ទិសទីពុំមានការធ្វើចរាចរណ៌ឡើយ បានបង្ករឲ្យស្ថានភាពសេដ្ឋកិច្ចនៃគ្រួសារប្រជាជនសាមញ្ញជាច្រើន ធ្លាក់ចូលក្នុងភាពអន្តរាយនិងអស់សង្ឃឹមជាខ្លាំង។ ជនមួយចំនួនត្រូវបង្ខំបោះបង់ចោលអាជីពចាស់របស់ពួកគេ ហើយត្រូវខិតខំបន្តស្វះស្វែងរកការងារផ្សេងៗ ដែលជាការងារសមស្របទៅនឹងតម្រូវការកើនឡើងនៃស្ថានភាពជំងឺរាតត្បាត ដែលពិភពលោកកំពុងជួបប្រទះនាបច្ចុប្បន្ននេះ។ កត្តាទាំងនេះធ្វើអោយលោក សំរេចធ្វើការងារដឹកជញ្ចូនអាហារ ដើម្បីជាកិច្ចជួយទ្រទ្រង់ជីវភាពគ្រួសារ៕