(ភ្នំពេញ)៖ លោក Mathew Robinson ដែលជាអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងនៅទូរទស្សន៍ BBC ហើយបច្ចុប្បន្នជាអ្នកនិពន្ធ និងដឹកនាំរឿងនៅផលិតកម្មខ្មែរមេគង្គ បានបរិច្ចាគទឹកប្រាក់ ៥ពាន់ដុល្លារ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ ការចូលរួមចំណែករបស់លោក Mathew Robinson ពេលនេះ ជាការគាំទ្រ និងជំរុញដំណើរការប្រឆាំងកូវីដ១៩ ជាមួយរដ្ឋាភិបាលកម្ពុជា។

យោងតាមផេកផ្លូវការរបស់នាយកដ្ឋានយន្តកម្ពុជា និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹងថា «នាយកដ្ឋានសិល្បភាពយន្ត​និងផ្សព្វផ្សាយវប្បធម៌ សូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្ត លោក Mathew Robinson ជាផលិតករនៃផលិតកម្មខ្មែរមេគង្គ ដែលបានចូលរួមបដិភាគថវិកាជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកាចសាហាវកូវីដ១៩។ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល»

ស្ថិតក្នុងដំណាក់កាលមួយ ដែលកម្ពុជាកំពុងតែជួបប្រទះមេរោគ កូវីដ១៩ បានបង្កឲ្យមានការព្រួយបារម្ភ និងភ័យខ្លាចគ្រប់ៗគ្នា។ ជាមួយគ្នានេះ មិនថា តែអ្នកក្នុង និងក្រៅសិល្បៈទេ បានបង្ហាញទឹកចិត្តសាមគ្គី ហើយជួយដល់ក្រសួងសុខាភិបាល តាមរយៈការចូលរួមបរិច្ចាគថវិការ ដើម្បីពង្រឹងការងារយកឈ្នះកូវីដដ៏សាហាវនេះឲ្យបាន ដើម្បីឲ្យអ្វីៗវិលដូចដើមវិញ៕