(​ភ្នំពេញ)៖ អាណិកជន​ខ្មែរ​​ម្នាក់រស់នៅប្រទេស​​ជប៉ុន គឺអ្នកស្រី ណាវី មីស៊ុស៊ីម៉ា បាន​​និពន្ធ និង​ច្រៀង​ចម្រៀង​មួយ​បទ ក្រោម​ចំណងជើង​ថា «សង្គ្រាម​កូវីដ-១៩» ខណៈដែលបទចម្រៀង​នេះ បាន​បង្ហាញ​ពី​សោកនាដកម្ម​កើត​ចេញ​ពី​ជំងឺ​ផ្លូវ​ដង្ហើម​ ដ៏​កាច​សាហាវ​ ដែល​ពិភព​លោក​កំពុង​មានការព្រួយបារម្ភខ្លាំង និងអំពាវនាវឲ្យចូលរួមទប់ស្កាត់ជាសកល។

នៅ​ក្នុង​វីដេអូ​បទចម្រៀង​មាន​រយៈ​ពេល៥​នាទី របស់​អ្នកស្រី មីស៊ុស៊ីម៉ា ​បាន​បង្ហាះ​ថ្មីៗនេះ ​ទទួល​បាន​ការ​គាំទ្រយ៉ាង​ច្រើន​ ពី​ពលរដ្ឋ​ខ្មែរ​ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស។ ​​​​ខ្លឹមសារបទចម្រៀងចង់បង្ហាញពីភាព​សង្វេគ និង​រន្ធត់​ នៅពេល​ពិភព​លោក​ កំពុង​រងទុក្ខសោក​ ដោយសង្គ្រាម​មិន​បង្ហូរ​ឈាម តែ​វា​ជា​សង្គ្រាម​ងងឹត និង​កាច​សាហាវ​​ ព្រោះតែសត្រូវ​នេះ​តូច ​មើល​មិន​ឃើញ​ពិត​មែន។

ក្នុងនោះ ​អ្នកស្រី មីស៊ុស៊ីម៉ា ចង់​បង្ហាញ​ពី​ផលប៉ះពាល់​ធំធេង ​កើត​ចេញ​ពី​កូវីដ-១៩ ពោល​គឺ​មនុស្ស​គ្រប់​គ្នា ​ដែល​នៅ​មាន​ជីវិត​គេចផុតពី​ជំងឺ​នេះ ត្រូវ​សម្ងំ​លាក់​ខ្លួន​ក្នុង​ផ្ទះ​​ ​ដោយ​មិន​បាន​ទៅ​ធ្វើ​ការ​រក​ចំណូល​អ្វី​ទាំង​អស់ ហើយ​មនុស្ស​អាច​នឹង​ដាច់​ពោះ ឬ​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ​កាន់តែ​ធ្ងន់ធ្ងរ​​​ បើ​ស្ថានភាព​ឆ្លង​ជំងឺ​នេះ​មិន​ថយ​ចុះ ឬ​រក​ថ្នាំ​បង្កា​ឃើញនោះ​ទេ។ បទនេះត្រូវបានអ្នកស្រីបញ្ជាក់ថា យក​​លំនាំតាមបទ Solenzara ដែល​ជា​បទ​របស់​លោក​ Enrico​ Macias និពន្ធ​នាអំឡុងឆ្នាំ​១៩៦៦។

សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន​ថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០ នេះ បានប្រកាសថា ​មិនចាំបាច់ត្រូវប្រកាសភាពអាសន្ន ក្នុងពេលនេះឡើយ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ ធ្លាប់បានលើកឡើងមួយថ្ងៃមុននេះថា ការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19) គឺជាវិបត្តិមួយរបស់ជាតិ។​

ការបញ្ជាក់ជំហរខាងលើនេះ ត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក ស៊ូហ្គា យូស៊ីហ៊ីដេ (Yoshihide Suga) ខណៈដែលជប៉ុនទើបមានអ្នកឆ្លង COVID-19 សរុបជាង ១,០០០ករណី និងអត្រាស្លាប់ ស្ថិតក្នុងកម្រិតទាបនៅឡើយ បើធៀបនឹង​បណ្តាប្រទេសធំៗមួយចំនួន ​ដូចជាប្រទេសចិន និងកូរ៉េខាងត្បូង ដែលនៅក្បែរខាងនោះ។

ទោះបីជាបែបនេះក្តី នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានសម្រេចបង្កើតកងកម្លាំងពិសេស ទប់ទល់នឹងវិបត្តិបង្កឡើងដោយ COVID-19 រួចទៅហើយ ដែលសកម្មភាពនេះ ត្រូវបានគេមើលឃើញថា ជាការបោះជំហានទៅរកការប្រកាសភាពអាសន្ន ខណៈដែលការប្រកួតកីឡា អូឡាំពិកនៅជប៉ុន ក៏ត្រូវបានសម្រេចពន្យារពេលទៅឆ្នាំ២០២១ រួចទៅហើយដែរ៕