(ភ្នំពេញ)៖ កូវីដ១៩ កំពុងរាតត្បាតនិងបណ្តាលឲ្យមនុស្សជាច្រើននាក់ នៅលើពិភពលោកស្លាប់បាត់បង់ជីវិត ដោយសារតែការឆ្លងដ៏សាហាវនៃជំងឺមួយនេះ។ ស្របពេលជាមួយគ្នានេះ ប្រទេសកម្ពុជាក៏រកឃើញចំនួនអ្នកឆ្លងកូវីដ១៩នេះ ជាបន្តបន្ទាប់ផងដែរ។ យ៉ាងណាមិញ មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់កម្ពុជាជាច្រើននាក់ ដែលមានការតាំងចិត្តខ្ពស់ ចូលរួមចំណែកកិច្ចការងារសង្គម តាមរយៈការស្ម័គ្រចិត្ត ចូលរួមព្យាបាលអ្នកជំងឺកូវីដ ធ្វើឲ្យមានការកោតសរសើរជាខ្លាំងពីមហាជន។ ជាក់ស្តែង មានខ្សែភាពយន្តមួយ ដែលកំពុងអង្រួនបេះដូងមហាជន គឺរឿង «វីរបុរសបិទមុខ» និយាយពីការតាំងចិត្តរបស់គ្រូពេទ្រស្ម័គ្រចិត្ត ជំនះការហាមឃាត់របស់ក្រុមគ្រួសារ មកចូលរួមទប់ស្តាត់ការរីករាលដាលកូវីដ១៩ ក្នុងប្រទេសកម្ពុជា។

ភាពយន្តបែបអប់រំ «វីរៈបុរសបិទមុខ ឬ Hero in Mask» មានការចូលរួមសម្តែងដោយតារាប្រុស លោកជា ភារុន ដែលដើរតួជាគ្រូពេទ្យម្នាក់ មានចិត្តអង់អាចក្លាហាន ចូលប្រឡូកក្នុងសមរភូមិប្រឆាំងកូវីដ១៩ ស្ម័គ្រចិត្តព្យាបាលអ្នកជំងឺកូវីដ ទោះបីជាមានការជំទាស់ពីក្រុមគ្រួសារក៏ដោយ។

តាមរយៈសម្តែងក្នុងភាពយន្តអប់រំមួយនេះ លោកជា ភារុន ផ្ទាល់បានឲ្យដឹងថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង គ្រាន់តែដឹងថាបានចូលរួមសម្តែងក្នុងរឿងនេះ។ លោកថា គ្រាន់តែឃើញសាច់រឿងគឺចង់សម្តែងតែម្តង។ ជាក់ស្តែង ក្នុងភាពយន្តមួយនេះផ្ទាល់ លោកសម្តែងជាគ្រូពេទ្យ ដូច្នេះតួអង្គលោក គឺឆ្លុះបញ្ចាំងឲ្យក្រុមគ្រូពេទ្យទាំងអស់មានភាពក្លាហានដូចរូបលោក ក្នុងការស្ម័គ្រចិត្តចូលរួមព្យាបាលអ្នកជំងឺកូវីដ ទោះមានការជំទាស់ពីក្រុមគ្រួសារក៏ដោយ ។

តារាប្រុស ជា ភារុន បន្តថា ការលើកឡើងបែបនេះ ដោយសារមានគ្រូពេទ្យមួយចំនួនមានការភ័យខ្លាច ហើយខ្លះទៀត គ្រួសារមិនយល់ព្រមឲ្យចូលរួមព្យាបាលអ្នកជំងឺកូវីដ។ ដូច្នេះតួអង្គរបស់លោក ដែលសម្តែងក្នុងរឿង «វីរបុរសបិទមុខ» នេះគឺលើកទឹកចិត្ត និងជំរុញទឹកចិត្តដល់គ្រូពេទ្យឲ្យក្លាហានឡើង ក្នុងការចូលរួមប្រឆាំងកូវីដ១៩ ក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងបទសម្ភាសៈតាមទូរស័ព្ទជាមួយក្រុមការងារ Fresh News និង KhmerTalking លោក ជា ភារុន បានផ្តាំផ្ញើនូវសារទៅកាន់អ្នកគាំទ្រ និងបងប្អូនខ្មែរគ្រប់រូប មានការការពារខ្លួនឲ្យបានត្រឹមត្រូវ រក្សាអនាម័យផ្ទាល់ខ្លួន តាមរយៈការលាងសំអាតដៃ ធ្វើលំហាត់ប្រាណ និងបរិភោគអាហារដែលឆ្អិនល្អ និងមានវីតាមីន ដើម្បីជួយទ្រទ្រង់ប្រព័ន្ធការពាររាងកាយ។ ជាពិសេស លោកបានសំណូមពរដល់បងប្អូនខ្មែរ កុំឲ្យមានការជួបជុំនៅកន្លែងមនុស្សច្រើន ដើម្បីជួយទប់ស្កាត់ការឆ្លងកូវីដ១៩៕