(សេអ៊ូល)៖ ភោជនីយដ្ឋានបែបជប៉ុន «Aori Ramen» ដែលបង្កើតឡើងដោយអតីតសមាជិកក្រុម BIGBANG លោក Seungri បានប្រកាសពីការក្ស័យធន ដោយសារតែវិបត្តិសេដ្ឋកិច្ច បង្ករឡើងដោយកូវីដ១៩ និងការធ្វើពហិការរបស់ប្រជាជនកូរ៉េខាងត្បូង លើផលិតផលជប៉ុន។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន Koreaboo នៅថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០២០។

ភោជនីយដ្ឋាន «Aori FNB» ឬក៏ហៅម្យ៉ាងទៀតថា «Factory N» បានឈានដល់ដំណាក់កាលក្ស័យធន ក៏ដោយសារតែមូលហេតុជាច្រើន តាំងពីយូរយារណាស់មកហើយ ពោលចាប់តាំងពីលោក Seungri មាន រឿងអាស្រូវ ក្នុងក្លិបកំសាន្ត «Burning Sun», ការធ្វើពហិការផលិតផលជប៉ុន របស់ប្រជាជនកូរ៉េខាងត្បូង និងបញ្ហាបច្ចុប្បន្ននេះ គឺការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩។

បើតាមតុលាការទីក្រុងសេអ៊ូល បានឲ្យដឹងកាលពីថ្ងៃទី២៦ ខែមីនាថា ភោជនីយដ្ឋាន Factory N បានដាក់ពាក្យ មកតុលាការ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ថ្មីៗនេះ ដើម្បីប្រកាសពីការក្ស័យធន។ ដោយក្នុងនោះ បំណុលរបស់ក្រុមហ៊ុន គឺច្រើនជាងតម្លៃសរុបនៃទ្រព្យរបស់ក្រុមហ៊ុន។

គួរជម្រាបថា អ្នកតំណាងភោជនីយដ្ឋាន «Aori Ramen» បានស្នើរសុំតុលាការប្រកាសពីការក្ស័យធុន ដោយលើកឡើងថា ពួកគេនឹងបិទគម្រោងមួយនេះ។ ហើយសាខាភោជនីយដ្ឋាន «Aori Ramen»
ផ្សេងទៀត គឺដំណើរការធម្មតា ប៉ុន្តែនៅថ្ងៃខាងមុខអាចនឹងបិទទ្វារ ជាក់ស្តែងមានដូចជាសាខានៅម៉ាឡេស៉ី និងចិនជាដើម៕