(សេអ៊ូល)៖ យោងតាមសារព័ត៌មានកូរ៉េខាងត្បូងបានចុះផ្សាយថា តារាសម្តែងប្រុស Lee Yi Kyung (លី យីកុង) បានជួយសង្គ្រោះជីវិតបុរសម្នាក់ ដែលមានសភាពស្រវឹងស្រា បានប៉ុនប៉ងធ្វើអត្តឃាត ហក់ចូលឡានដឹកទំនិញ និងបម្រុងលោតពីលើស្ពាន។

បើយោងតាមរបាយការណ៍ផ្តាច់មុខពីសារព័ត៌មាន Sports World ឲ្យដឹងថា មានបុរសម្នាក់នៅលើស្ពានក្នុងតំបន់ Hannam បានប៉ុនប៉ងហក់ចូលឡានដឹកទំនិញ។ ភ្លាមនោះ ឡានដឹកទំនិញបានឈប់ ដើម្បីគេចចេញ ប៉ុន្តែបុរសនោះក៏ប៉ុនប៉ងរត់មកបុកឡានថែមទៀត។ ក្រោយប្រទះនឹងហេតុការណ៍នេះ តារាសម្តែងប្រុស Lee Yi Kyung ដែលកំពុងបើកបររថយន្តក្រោយឡានដឹងទំនិញ ក៏បញ្ឈប់រថយន្តភ្លាម និងប្រញាប់ស្ទុះទៅចាប់បុរស ដែលកំពុងមានសភាពស្រវឹងនោះចេញពីឡានដឹកទំនិញ។

ក្រោយមក បុរសមិនស្គាល់ឈ្មោះម្នាក់នោះ ក៏បានប៉ុនប៉ងលោតពីលើស្ពាន ដែលស្ថិតនៅតំបន់ Hannam ថែមទៀតផង ប៉ុន្តែត្រូវបានលោក Lee Yi Kyung ចាប់ជាប់។ បន្ទាប់ពី Lee Yi Kyung បានសង្គ្រោះបុរសម្នាក់នោះ មន្រ្តីប៉ូលីសក៏បានទៅដល់កន្លែងកើតហេតុភ្លាមៗ។ ត្រឡប់ទៅអតីតកាល អំឡុងឆ្នាំ២០១៩ តារាប្រុសល្បីឈ្មោះ Lee Yi Kyung ត្រូវបានតែងតាំងជាទូតសុឆន្ទៈរបស់ទីភ្នាក់ងារប៉ូលីសជាតិផងដែរ។

គួរជម្រាបថា Lee Yi Kyung បានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោក ល្បីល្បាញនឹងទទួលស្គាល់ពីទស្សនិកជនកាន់តែច្រើន តាមរយៈការចូលរួមសម្តែងក្នុងរឿង «My Love From The Star», រឿង «Descendants of the Sun» និងភាពយន្តល្បីៗជាច្រើនទៀត៕