(ប៊ែកឡាំង)៖ កីឡាករនៃក្លិបកំពូលអាល្លឺម៉ង់ Bayern Munich និង Borussia Dortmund សុទ្ធតែបានឯកភាពគ្នាក្នុងការប្រាក់ពលកម្មប្រចាំខែប្រមាណ ២០ភាគរយដូចៗគ្នា ដើម្បីជួយក្លិបនៅអំឡុងផ្អាកការប្រកួតបណ្តោះអាសន្ន ដោយសារបញ្ហាជំងឺឆ្លង Covid-19។

ការព្រមព្រៀងកាត់ប្រាក់ខែខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការមានស្នើសុំពីក្លិប បន្ទាប់ពីពុំមានសកម្មភាពអ្វីសោះ ក្នុងលីគកំពូលអាល្លឹម៉ង់គិតចាប់តាំងពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ដោយសារតែរាតល្បាតខ្លាំងនៃវីរុស Covid-19 ដែលធ្វើឲ្យប្រទេសនៅទ្វីបអឺរ៉ុបមួយនេះមានឆ្លងរហូតដល់ទៅ ៣១៥៥៤ករណី និងស្លាប់ ១៤៩នាក់។

បន្ថែមលើនេះ កីឡាករនៃក្លិប Union Berlin ដែលកំពុងឈរនៅលេខរៀងទី១១ នៃ Bundesliga ក៏បានប្រកាសពីកីឡាករ​របស់ពួកគេមិនយកប្រាក់ប្រចាំសប្តាហ៍ឡើយ នៅអំឡុងការប្រកួតត្រូវបានផ្អាកនេះដែរ ដើម្បីចូលរួមលំនឹងហិរញ្ញវត្ថុក្នុងក្លិបទាំងអស់គ្នា រហូតដល់ការប្រកួតចាប់ផ្តើមដំណើរការវិញ។

កាលពីសប្តាហ៍មុន មានកីឡាករ Robert Lewandowski និងភរិយា រួមទាំងមិត្តរួមក្រុម Leon Goretzka និង Joshua Kimmich សុទ្ទតែបានបរិច្ចាគទឹកប្រាក់ប្រមាណ ១លានអឺរ៉ូដូចគ្នាដល់មូលនិធិ «We Kick Corona» ដើម្បីប្រយុទ្ធប្រឆាំងនឹង Covid-19៕