(ភ្នំពេញ)៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) បានប្រកាសបង្កើតនូវមូលនិធិគ្រួសារកីឡា E-Sport កម្ពុជា ក្នុងគោលបំណងស្វែងរកថវិកាគាំទ្រដល់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺផ្លូវដង្ហើមប្រភេទថ្មី Covid-19 ដែលកំពុងគំរាមកំហែងពិភពលោក ក៏ដូចជាការបង្កក្ដីបារម្ភដល់កម្ពុជាដែរ។

មូលនិធិនេះបង្កើតឡើងក្រោមការផ្ដួចផ្ដើមរបស់លោក ជា ច័ន្ទបូរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធ។ ទន្ទឹមជាមួយការប្រកាសបង្កើត សហព័ន្ធក៏បានចូលរួមថវិកាចំនួន ៥០០ដុល្លារជាការចាប់ផ្ដើម ក្នុងការកៀងគររកជំនួយពីសប្បុរសជនតាមរយៈគ្រួសារកីឡា E-Sports កម្ពុជា ហើយថវិកាទទួលបាននឹងផ្ដល់ជូនរាជរដ្ឋាភិបាលទាំងអស់ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺ Covid-19។

បើតាមការបញ្ជាក់របស់សហព័ន្ធ មូលនិធិនេះនឹងចាប់ផ្ដើមទទួលពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមីនាខាងមុខ។ ចំពោះសប្បុរសជន ដែលចង់ចូលរួមជាមួយមូលនិធិនេះ ក្រៅពីទាក់ទងសហព័ន្ធផ្ទាល់ ក៏អាចឧបត្ថម្ភតាមរយៈគណនី ABA ដែលមានលេខ 000686880។ ហេតុនេះ ថ្នាក់ដឹកនាំសហព័ន្ធរំពឹងថា ម្ចាស់ក្លិប សមាជិក និងកីឡាករ-កីឡាការិនី E-Sports ទាំងអស់ នឹងចូលរួមយុទ្ធនាការនេះ ដើម្បីធានាបានសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងអស់គ្នា៕