(បរទេស)៖ តារាចម្រៀងជនជាតិអេស្ប៉ាញអ្នកនាង Beatriz Berodia មានឈ្មោះហៅកាត់ថា Betta នាងតែងតែចេញទៅខាងមុខយ៉គេហដ្ឋានរបស់នាងជារៀងរាល់ល្ងាច រួមទាំងធ្វើការច្រៀងចម្រៀងជូនទៅដល់អ្នកជិតខាងនៅទីនោះ ដើម្បីជាការកំដរអារម្មណ៍ទៅដល់អ្នកទាំងអស់គ្នា ដែលកំពុងស្ថិតនៅក្រោមស្ថានភាពប្រជាជននៅក្នុងគេហដ្ឋានបែបនេះ ក្រោយរាជរដ្ឋាភិបាលប្រទេសអេស្ប៉ាញមានការបញ្ជាប្រកាសអាសន្ន ឲ្យនៅក្នុងផ្ទះមួយរយៈកាលនេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN នាថ្ងៃទិ២៥មិនានេះ។

ការរច្រៀងចម្រៀងនេះ នាងតែងត្រូវបានគេប្រទះឃើញអមជាមួយនឹងដៃគូនាងម្នាក់ទៀត នៅលើយ៉ក្បែរផ្ទះនោះ ដែលលោកជាអ្នកលេងឧបករណ៌ហ្គីតាមានឈ្មោះថា Andrea Capalbo។ អ្នកនាង Betta តែងផ្តល់ជូនការច្រៀងចម្រៀង សម្រាប់សណ្ដាប់រយៈពេលកន្លះម៉ោងជារៀងរាល់ល្ងាច នៅក្នុងស្រុកឡាវ៉ាពីនៃទីក្រុងរដ្ឋធានីម៉ាឌ្រីដ។

មនុស្សជាច្រើននៅទីនោះមានភាពរីករាយ ទៅនឹងការច្រៀងចម្រៀងផ្ទាំងទស្សនីយភាពនេះជាខ្លាំង ដោយពួកគេបានធ្វើការចូលរួមគាំទ្រសណ្ដាប់ពីចម្ងាយ តាមគេហដ្ឋាននីមួយៗរបស់ពួកគេផ្ទាល់តែម្ដង ជាមួយនឹង ការប្រគុំបទភ្លេងចម្រៀងបុរាណជាច្រើនប្រភេទ សម្រាប់អ្នកស្រុកអាចចូលរួមរីករាយ តាមរៀងរាល់ចង្វាក់ភ្លេងនីមួយៗ នាកំឡុងពេលស្នាក់អាស្រ័យនៅគេហដ្ឋានបែបនេះ៕