(ភ្នំពេញ)៖ កីឡាករ ហូយ ផល្លីន បានបង្ហើបថា មានកីឡាករ៣រូបរួមមាន ប្រាក់ មុន្នីឧត្តម, Privat Mbarga និង ណុប តុលា ជាដៃគូប្រយុទ្ធដ៏យល់ចិត្តបំផុតក្នុងក្លិបព្រះខ័នរាជស្វាយរៀង នាពេលបច្ចុប្បន្ន។

ខ្សែបម្រើប្រយុទ្ធរូបនេះបានថ្លែងថា «ប៉ុន្មានឆ្នាំចុងក្រោយដែលយើងធ្វើបានល្អហ្នឹង និយាយពីមួយកំណាត់ខាងប្រយុទ្ធ អ្នកដែលខ្ញុំលេងយល់ចិត្តជាងគេគឺ Privat បងឧត្តម និងតុលា។ បងឧត្តម និងតុលា និយាយទៅយើងនៅស្វាយរៀងយូរឆ្នាំមកហើយ។ ចំណែក Privat វិញ ទោះយើងទើបលេងជាមួយគ្នាជាង ១ឆ្នាំមែន ប៉ុន្តែយើងបានព្យាយាមយល់ចិត្តគ្នាទៅវិញទៅមក ហើយការហ្វឹកហាត់ និងការលេងរ៉ូលខាងលើជាមួយគ្នាក៏ច្រើនដែរ»

ទោះមិនទាន់រកគ្រាប់បាល់បានក្នុងចំណោម ៥សប្ដាហ៍កន្លងទៅ នៅក្របខណ្ឌលីគកំពូលរដូវកាលនេះក្តី ក៏ ផល្លីន បានរួមចំណែកជួយ​ក្រុមការពារតំណែងជើងឯកខាងលើនេះ រក្សាលទ្ធផលមិនទាន់ចាញ់ផងដែរ។ ជាក់ស្ដែង ក្រុមលោក Conor Nestor ឈ្នះ៤ដង និងស្មើ១ដង មាន១៣ពិន្ទុឈរនៅលេខ២ ស្មើពិន្ទុជាមួយក្រុមលេខ១ ភ្នំពេញក្រោន។

សូមបញ្ជាក់ថា នៅរដូវកាលឆ្នាំ២០១៩ ក្រៅពីបានមេដាយប្រាក់ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ផល្លីន ក៏ជាប់ជាកីឡាករល្អប្រចាំឆ្នាំទៀតផង៕