​​(ភ្នំពេញ)៖ បន្ទាប់ពីមានការ​អំពាវនាវ​ ពីប្រមុខនៃរាជ​រដ្ឋាភិបាល​កម្ពុជា ជួយ​គ្នា​ទប់ទល់​ការ​រីក​រាលដាល ​ជំងឺ​កូ​វី​ដ​១៩ នៅក្នុងប្រទេសរួចមក ​គេសង្កេតឃើញ​ថា មានការ​ចែករំលែក​សកម្មភាព​មនុស្សធម៌ យ៉ាង​ផុសផុល​​​​ មិន​ថា អ្នកជំនួញ​ល្បី​ៗ ឬ​លោកឧកញ៉ា ឯកឧត្តម និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នោះទេ ពោលសូ​ម្បី​តែ​សិល្បករ-សិល្បការិនី ក៏​បាន​បង្ហាញ​ការ​ខ្នះខ្នែង ទៅ​តាម​ទឹកចិត្ត​ជ្រះថ្លា​រៀងខ្លួន​ជួយឧបត្ថម្ភថវិកា តាមទឹកចិត្តរៀងៗខ្លួនជាហូរហែមកដែរ​។ អ្វី​ដែល​ធ្វើ​ឱ្យ​គេ​ចាប់អារម្មណ៍​​ គឺតារាចម្រៀង​បែប​ស្រគត់​ស្រគំ​សំឡេង​ពីរោះ​រណ្តំអ្នកនាង ទៀង មុំ​សុធា​វី និង​ស្វាមី បាន​​បរិច្ចាគ​ជា​ទឹកប្រាក់​រហូត​៥​០០០​​ដុល្លារ ដើម្បី​ជូយ​ដល់​ផ្នែក​ពាក់ព័ន្ធ ​​ទប់ស្កាត់​ការ​រីក​រាល ដាល​ជំងឺ​​កូវីដ១៩ នៅក្នុងប្រទេសកម្ពុជា​។

ស្ថិត​ក្នុង​ដំណាក់កាល​មួយ ដែល​កម្ពុជា​កំពុង​តែ​ជួប​ប្រទះ​មេរោគ កូ​វី​ដ​១៩ បានបង្ក​ឲ្យមានការ​ព្រួយបារម្ភ និង​ភ័យ​ខ្លាច​គ្រប់ៗគ្នា។ ជាមួយគ្នានេះ មិន​ថា តែ​អ្នក​ក្នុង និង​ក្រៅ​សិល្បៈ ម្នាក់​ៗ​បាន​ចូលរួម​បង្ហាញ​ទឹកចិត្ត ហើយ​ជួយ​ដល់​ក្រសួងសុខាភិបាល ពង្រឹង​ការងារ​យកឈ្នះ​កូ​វី​ដ​ដ៏​សាហាវ​នេះឲ្យ​បាន ដើម្បី​ឲ្យអ្វី​ៗ​វិល​​ដូច​ដើមវិញ​។

អ្នក​នាង ទៀង មុំ​សុធា​វី ​បានបង្ហាញអារម្មណ៍ ក្នុងបណ្ដាញសង្គមរបស់ខ្លួនថា «ជាទឹកចិត្តចូលរួមចំណែក ដ៏សែនរីករាយបំផុតពីនាងខ្ញុំ និងក្រុមគ្រួសារសូមបួងសួងដល់ទេវតា សូមជួយថែរក្សាបងប្អូនខ្មែរយើងទាំងក្នុង និងក្រៅប្រទេសឲ្យជៀសផុត ពីជំងឺដ៏កាចសាហាវនេះផងចុះ!»

​​និយាយ​ពី​ឈ្មោះ អ្នក​នាង ទៀង មុំ​សុធា​វី ​មហាជនពិតជា​​បាន​ស្គាល់​រួច​មក​ហើយ អំពី​ទេព​កោសល្យ​នៃ​ការ​ច្រៀង​របស់នាង គឺ​ពិតជា​មាន​ទឹកដម​​​ពីរោះ និង​មាន​មនោសញ្ចេតនា​ល្អ។ រីឯ​រូប​សម្រស់​វិញ ក៏​មិនធម្មតា នាង​ពិតជា​មាន​ភាព​ស្រស់​ស្អាត​ ទើប​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​ ​របស់​អ្នក​នាង​កាន់តែ​មាន​ល្បីល្បាញ​។

សូមបញ្ជាក់ថា តារាចម្រៀង​អ្នក​នាង ទៀង មុំ​សុធា​វី ទើបតែ​ចូល​រោងការ​បាន​ប៉ុន្មាន​ខែ​មុន​នេះ ជា​មួ​យស្វាមី​ជា​អ្នកជំនួញ​ខ្មែរ​ រស់នៅ​ប្រទេស​បារាំង​។ អ្នក​នាង​ពិត ជា​មានសំណាង ដោយសារ​ពេល​រៀប​ការ​ ឃើញ​មាន​អ្នកជំនួញ​ល្បីៗ​ចូលរួម​ជូនពរ​ជ័យ​។ ​​ទោះ​បីជាអ្នកនាង​ ទៀង មុំ​សុធា​វី បានរៀបការរួចហើយក្ដី ក៏​អ្នក​នាង​នៅ​តែបន្ត​ប្រឡូក​ក្នុងការងារ ជាអ្នក​សិល្បៈ​ដូច​ពី​មុន​ដដែល​។ ជា​ញឹកញយ អ្នកចម្រៀង​លំដាប់​ជាតិ​រូប​នេះ បាន​ចំណាយពេល​ថត​និងផលិត​បទ​ចម្រៀង លក្ខណៈ​ប្រពៃណីខ្មែរយ៉ាង​ពីរោះ ដាក់​ផ្សាយ​លើ​បណ្តាញ​សង្គម​យូ​ធូប​។​​

សូមជម្រាបថា គិតរហូតមកដល់​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩៣នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយ។ ក្នុងនោះមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់។ ជនជាតិបារាំង២នាក់ថ្មីទៀតនៅខេត្តព្រះសីហនុ ត្រូវបានរកឃើញថា មានជំងឺកូវីដ១៩។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន៕