(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ បានលើកពេលទៅឆ្នាំ២០២១ ត្រូវជាន់គ្នាជាមួយព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម។ តើការលើកពេលនេះ អាចបង្កផលប៉ះពាល់ដល់បណ្ដាប្រទេសអាស៊ាន រួមទាំងកម្ពុជា ដែលត្រៀមប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់ខ្លួនដែរឬទេ?

ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលទីក្រុងតូក្យូខាងលើ គឺក្រោយជំងឺ Covid-19 រាតត្បាតខ្លាំងជាសកល ធ្វើឲ្យកីឡាករ-កីឡាការិនី មិនបានហ្វឹកហាត់ មិនបានប្រកួតជម្រុះ និងមិនមានការធានាសុវត្ថិភាពរបស់កីឡាករ-កីឡាការិនីច្បាស់លាស់។ កម្ពុជាបានចាត់ទុកនេះ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ គ្រាដែលកម្ពុជាមិនសូវរងផលប៉ះពាល់ដោយលើកពេលនេះឡើយ។ នេះបើតាមការបញ្ជាក់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

លោក វ៉ាត់ ចំរើន បានឲ្យដឹងថា នាយករដ្ឋមន្ដ្រីជប៉ុនលោក ស៊ីនហ្សូ អាបេ និងប្រមុខគណៈកម្មាធិការអូឡាំពិកអន្ដរជាតិលោក Thomas Bach រួមទាំងមន្ដ្រីជំនាញ និងគណៈកម្មការរៀបចំព្រឹត្តិការណ៍អូឡាំពក បានតស៊ូមតិគ្នាយ៉ាងល្អិតល្អន់ មុនឈានដល់ការសម្រេចលើកពេល ព្រោះមិនមានវិធានការណ៍សមស្របណាមួយ ដើម្បីធានាថា ការប្រកួតអូឡាំពិកឆ្នាំនេះ នឹងប្រព្រឹត្តទៅដោយមិនមានហានិភ័យ ឬគ្រោះថ្នាក់ដល់កីឡាករ-កីឡាការិនី។

លោកបន្ដថា «ក្នុងហ្គេម សុវត្ថិភាព និងសន្ដិសុខកីឡាករ-កីឡាការិនី គឺជាអទិភាពចម្បងក្នុងកីឡាអូឡាំពិក។ កីឡាករ-កីឡាការិនីមានការភ័យខ្លាចរឿង Covid-19 ពួកគេមិនបានហាត់ អ្នកខ្លះត្រូវបង្ខាំងក្នុងផ្ទះ កីឡាករ-កីឡាការិនីមួយចំនួនធំ មិនបានប្រកួតជម្រុះ ពិសេសនៅអឺរ៉ុប រួមទាំងព្រឹត្តិការរណ៍ជាច្រើនដែលមិនមាន Fair-Play ក្នុងការប្រកួត ទើបនាំឲ្យមានការលើកពេលទៅឆ្នាំក្រោយ។ នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីបំបាត់ការភ័យខ្លាច ហើយទុកពេលឲ្យកីឡាករ ត្រៀមលក្ខណៈបានល្អសម្រាប់ការប្រកួតឆ្នាំក្រោយ»

យ៉ាងណាមិញការលើកពេលនេះ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដោយជះឥទ្ធិពលមិនល្អដល់គ្រប់ការងារកីឡា ពិសេសកីឡាករ-កីឡាការិនី ក្នុងការត្រៀម ព្រោះជាទូទៅការត្រៀមប្រកួតកីឡាអូឡាំពិក ត្រូវប្រើពេល ៤ឆ្នាំ តែឥឡូវឡើងដល់ ៥ឆ្នាំ ដែលប៉ះពាល់ដល់កម្មវិធីហ្វឹកហាត់របស់កីឡាអូឡាំពិក។ ចំពោះកម្ពុជាវិញ មិនសូវពាល់ធំដុំនោះទេ ទោះបីការលើកពេលអូឡាំពិក ទៅជាន់ស៊ីហ្គេមនៅវៀតណាម នាឆ្នាំ២០២១ ក៏ដោយ ព្រោះកម្ពុជាផ្ដោតការប្រកួតស៊ីហ្គេម ជាអាទិភាពជាងកីឡាអូឡាំពិក។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលថា «ឆ្នាំក្រោយ កម្ពុជាត្រូវត្រៀមប្រកួតស៊ីហ្គេមផង និងកីឡាអូឡាំពិកផង ហើយប្រទេសផ្សេងៗ ក៏មានប្រកួតជាន់គ្នាដែរ។ តែជាទូទៅកម្ពុជា មិនមានផលប៉ះពាល់ធំដុំទេ ដោយសារយើងផ្ដោតទៅលើស៊ីហ្គេម ជាអាទិភាពជាងអូឡាំពិកហ្គេម។ ចឹងជាគោលការណ៍ ដែលផ្ដោតលើស៊ីហ្គេម សម្រាប់គោលដៅស៊ីហ្គេម ឆ្នាំ២០២៣ ផង យើងមិនប៉ះពាល់អ្វីខ្លាំងក្លាទេ ចំពោះការលើកអូឡាំពិកទៅឆ្នាំក្រោយនោះ។ ជារួមការលើកអូឡាំពិកនេះ មិនប៉ះពាល់ដល់ផែនការមេ សម្រាប់ការអនុវត្តឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ឡើយ»

សូមបញ្ជាក់ថា ដំឡូងឡើយព្រឹត្តិការណ៍ ៤ឆ្នាំម្ដងខាងលើ គឺគ្រោងប្រព្រឹត្តទៅពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ចំពោះកាលបរិច្ឆេទថ្មី ក្រោយប្រកាសលើកពេល នៅមិនទាន់កំណត់នោះទេ តែតាមការប៉ាន់ស្មាន ព្រឹត្តិការណ៍កីឡាដ៏ធំជាងគេលើពិភពលោកនេះ អាចនឹងធ្វើឡើងអំឡុងខែកក្កដា ឬខែសីហា ដែលជាខែរដូវក្ដៅនៅប្រទេសជប៉ុនដដែល៕