(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធ Harry Kane នឹងជាសះស្បើយពីបញ្ហារបួសសរសៃពួរជើងខាងឆ្វេងក្នុងរយៈពេល ២ទៅ៣សប្តាហ៍ខាងមុខទៀត បន្ទាប់ពីសម្រាកព្យាបាលយ៉ាងយូរកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០មក។

កីឡាករសញ្ជាតិអង់គ្លេស វ័យ២៦ឆ្នាំខាងលើនេះបានថ្លែងប្រាប់វេបសាយក្លិប Spurs ថា «មិនយូរទៀតទេ ខ្ញុំនឹងវិលចូលទីលានវិញហើយ។ ពិតណាស់ត្រឹមតែ ២ទៅ៣សប្តាហ៍ទៀតប៉ុណ្ណោះ»

Kane បានរងរបួសសរសៃពួរជើងខាងឆ្វេងជាទម្ងន់នៅអំឡុងក្រុម Tottenham Hotspur ប្រកួតទល់នឹង Southampton នៅ Premier League កាលដើមខែមករា ឆ្នាំ២០២០ ដែលធ្វើឲ្យរូបគេខកខានជាច្រើនប្រកួតក្នុងក្លិបមាន់ខ្នាយមាសរហូតដល់ពេលនេះ។

Kane រកបាន ១៧គ្រាប់ឲ្យ Spurs នារដូវកាលនេះក្នុងនាមជា Top scorer ក្លិបដែលស្ថិតនៅទីក្រុង London នៃប្រទេសអង់គ្លេស និងជាខ្សែប្រយុទ្ធជួយក្លិបនេះឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃ UEFA Champions League នារដូវកាលមុនផងដែរ៕