(ភ្នំពេញ)៖ ជាការកត់សម្គាល់ ថ្មីៗនេះមហាជនមានការរិះគន់យ៉ាងខ្លាំង ទៅលើចម្រៀងមួយបទ ដែលមានចំណងជើងថា «ចាក់សាំង» ព្រោះបទនេះ មានខ្លឹមសារគ្រោតគ្រាត អាសអាភាស​ហួស​ហេតុ រួមជាមួយនឹងកាយវិការសម្តែងក្នុង MV មិនសមរម្យផងនោះ។ ក្រោយមហាជនរិះគន់ ពេលនេះនាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសារ ឲ្យម្ចាស់ចម្រៀងមួយបទនេះ ឬផលិតកម្ម ចេញមុខមកទទួលខុសត្រូវ និងកែប្រែ បើមិនដូច្នោះទេ នឹងចាត់វិធានការណ៍ផ្លូវច្បាប់។

ជាក់ស្តែង នាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានចេញសារយ៉ាងដូច្នេះថា «ថ្មីៗនេះមានបទចម្រៀងមួយបទមានចំណងជើងថា ចាក់សាំង ដែលកំពុងផ្សព្វផ្សាយតាមប្រព័ន្ធ YOUTUBE មានរូបភាពនិងខ្លឹមសារ គ្រោតគ្រាត ប្រាសចាកប្រពៃណីទំនៀមទម្លាប់ ជាពិសេសតម្លៃនិងសេចក្តីថ្លៃថ្នូររបស់វប្បធម៌ជាតិ នាយកដ្ឋានភាពយន្តសូមជម្រាបជូនសាធារណៈជនជ្រាបថា៖
- បទចម្រៀងនេះផលិតឡើងដោយពុំមានការសុំអនុញ្ញាត ពីនាយកដ្ឋានដែលជាសមត្ថកិច្ចជំនាញនោះឡើយ។
- នាយកដ្ឋាន កំពុងស្រាវជ្រាវរកអ្នកផលិតបទចម្រៀងនេះ ដើម្បីមកទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។
- បើសាមីជន ពុំចេញមកទទួលខុសត្រូវនោះទេ នាយកដ្ឋាននឹងមានវិធានការណ៍តាមផ្លូវច្បាប់»

ងាកមកទស្សនិកជន ដែលបានស្តាប់ចម្រៀងនេះហើយ បានបញ្ចេញមតិផ្ទាល់ខ្លួនជាបន្តបន្ទាប់ ក្នុងន័យស្រដៀងគ្នាថា បទ «ចាក់សាំង» នេះ ពិតជាមានអត្ថន័យ និងកាយវិការសម្តែងមិនសមរម្យទាល់តែសោះ។ ព្រោះមានអត្ថន័យអាសអាភាស មិនគួរស្តាប់ឡើយ។

ទោះជាបែបនេះក្តី គេសង្កេតឃើញថា ក្រោយផ្ទុះការរិះគន់ចម្រៀងមួយបទនេះ ត្រូវបានលុបចេញពី Youtube ផ្លូវការហើយ។ ហើយរហូតមកទល់នឹងពេលនេះ នៅមិនទាន់ឃើញខាងភាគីម្ចាស់ចម្រៀង ឬផលិតកម្ម ចេញមុខមកទទួលខុសត្រូវឡើយ៕