(ហ្ស៊ូរិច)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានប្រកាសពីការពន្យារពេលប្រកួតផ្តាច់ព្រ័ត្រនៃកម្មវិធី Champions League និង Europa League ដល់ចុងខែមិថុនា ឆ្នាំ២០២០ ដោយសារតែវីរុស Covid-19 រីករាលដាលខ្លាំងនាពេលបច្ចុប្បន្ន។

តាមគម្រោងព្រឹត្តិការណ៍ UEFA Champions League នឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រនាចុងខែឧសភា ឆ្នាំ២០២០ តែត្រូវបានលើកពេលទៅប្រកួតនៅថ្ងៃទី២៧ ខែមិថុនាវិញនៅទីក្រុង Istanbul ប្រទេសតួកគី ដ្បិតកម្មវិធីនេះត្រូវបានផ្អាកជាបណ្តោះអាសន្នត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ដោយសារតែវិបត្តិជំងឺ Covid-19 បានកំពុងតែរាតត្បាតខ្លាំង និងព្រឹត្តិការណ៍ Europa League ដែលដំណើរការដល់វគ្គ ១៦ក្រុមដែរ ក៏ត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៤ ខែមិថុនា ក្នុងទីក្រុង Gdansk ផងនោះ។

ដូចគ្នានោះដែរ សម្រាប់យុទ្ធនាការជើងឯក Women’s Champions League ដែលត្រៀមលេងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៤ ខែឧសភា ក៏ត្រូវបានពន្យារពេលដូចគ្នា ដោយមិនទាន់កំណត់ថ្ងៃច្បាស់លាស់នោះទេ។

បច្ចុប្បន្ន UEFA ក៏កំពុងស្វែងរកលទ្ធភាពក្នុងការប្រកួតតែ ១ប្រកួត (១ជើង) នៅទឹកដីកណ្តាលសម្រាប់វគ្គ ៨ក្រុម និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីឲ្យកម្មវិធីឆាប់ចប់ និងបញ្ចៀសពីការឆ្លង Covid-19 និងកុំឲ្យប៉ះពាល់ដល់កម្មវិធីដទៃថែមទៀតផង៕