(ភ្នំពេញ)៖ ពិធីករល្បីឈ្មោះ លោក ជា វណ្ណារិទ្ធ បានបង្ហោះវីដេអូ ក៏ដូចជាសាររំលឹកដល់បងប្អូនឲ្យមានការប្រុងប្រយ័ត្ន និងការពារខ្លួន ដើម្បីការពារការឆ្លងនៃវីរុសកូវីដ១៩។ ជាមួយគ្នានេះ លោកក៏ដាស់តឿនដល់បងប្អូន ដែលទើបត្រឡប់ ឬក៏បានត្រឡប់ពីក្រៅប្រទេស មកជួបគ្រួសារវិញ ឲ្យនៅដាច់ដោយឡែកពីគ្រួសាររយៈពេល១៤ថ្ងៃ ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសមាគមន៍ កុំឲ្យមានកូវីដ១៩។ លោកជា វណ្ណារិទ្ធក៏លើកទឹកចិត្តថា «សូមអ្នកទាំងអស់គ្នាកុំគិតថា ការនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ជាការឃុំខ្លួន ដោយផ្តាច់មនោសញ្ចេតនា បងប្អូន ក្រុមគ្រួសារឲ្យសោះ»

ជាការពិតណាស់ រហូតមកទល់ពេលនេះ ជំងឺផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា ឬកូវីដ១៩ នៅតែជាក្ដីព្រួយបារម្ភយ៉ាងខ្លាំង ដល់បណ្ដាប្រទេសជាច្រើន នៅជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ ខណៈនៅទូទាំងប្រទេសនៅលើពិភពលោក រកឃើញជាបន្តបន្ទាប់នៃចំនួនអ្នកឆ្លង និងស្លាប់ជារៀងរាល់ថ្ងៃ ដោយសារវីរុសដ៏កាចសាហាវមួយនេះ។ ជាមួយគ្នានេះក៏មានមនុស្សជាច្រើន ដែលសង្ស័យថាខ្លួនបានឆ្លងកូវីដ១៩ ត្រូវឃុំខ្លួនឯង នៅដាច់ដោយឡែកពីអ្នកដទៃ រយៈពេល១៤ថ្ងៃ ដើម្បីបង្ការការឆ្លងវីរុសនេះ។

លោក ជាវណ្ណារិទ្ធ បានបង្ហោះវីដេអូ ព្រមទាំងភ្ជាប់ជាមួយនឹងសារ នៅក្នុងគណនីហ្វេសប៊ុក របស់ខ្លួន ដែលមានន័យយ៉ាងដូច្នេះថា «ផ្ញើជូនទៅបងប្អូនពលករ និងបងប្អូនដែលធ្វើការនៅប្រទេសថៃ ហើយទើបតែត្រលប់មកកម្ពុជាវិញ ស្របពេលដែលថៃបិទច្រកព្រំដែន និង ប្រទេសទាំងមូល សូមអ្នកទាំងអស់គ្នាកុំគិតថា ការនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ជាការឃុំខ្លួនដោយផ្តាច់មនោសញ្ចេតនាបងប្អូន ក្រុមគ្រួសារឲ្យសោះ តែនេះជាការព្រួយបារម្មណ៍ និង បង្កើនការប្រុងប្រយត្ន័ខ្ពស់ដើម្បី កុំឲ្យមានការឆ្លងរីករាលដាល ទៅកាន់សមាជិកក្រុមគ្រួសារ មនុស្សជាទីស្រលាញ់»

ជាមួយគ្នានេះ លោក ក៏សំណូមពរដល់បងប្អូន ដែលទើបត្រឡប់មកពីធ្វើការ នៅក្រៅប្រទេស ចូលមកកាន់ប្រទេសកម្ពុជា មកជួបជុំគ្រួសារ ក្នុងកំឡុងពេលកំពុងផ្ទុះជំងឺកូវីដ១៩នេះ ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ដើម្បីឲ្យប្រាកដថា មានសុខភាពល្អ និងមិនមានផ្ទុកកូវីដ១៩នៅក្នុងខ្លួនឡើយ ដើម្បីជាការបង្ការ និងចូលរួមទប់ស្កាត់ការឆ្លង ទៅកាន់គ្រួសារសាច់ញាតិបងប្អូន និងអ្នកដទៃ៕