(ចិន)៖ ការរីករាលដាលនៃមេរោគឆ្លងវីរុសកូរ៉ូណា Covid-19 បានជះឥទ្ធិពលស្ទើរតែគ្រប់ផ្នែកសេដ្ឋកិច្ចទាំងអស់ ដែលក្នុងរួមមានវិស័យឧស្សាហកម្មកម្សាន្តដូចជា KTV និងក្លឹបជាដើម។  ទោះជាយ៉ាងណាក៏ដោយតាមរយៈបណ្ដាញសង្គមអុីនធឺណិត បានផ្ដល់ឱកាសឱ្យអាជីវកម្មប្រភេទអស់ទាំងនេះ វិវត្តដោយអាចបង្កើតគម្រោងឱកាសថ្មី ដែលមិនធ្លាប់មានពីមុនមក ស្របទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ននេះ។ នេះបើយោងតាម​ប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ផ្សាយនាថ្ងៃទី២៣មិនានេះ។

យោងតាមបទសម្ភាសន៌លោកស្រី លីវស៊ីនជឺ អ្នកគ្រប់គ្រងទូទៅនៃក្លឹបកម្សាន្តមួយកន្លែងបានឲ្យដឹងថា បើទោះបីជាទីតាំងកម្សាន្តត្រូវផ្អាកប្រតិបត្តិការមួយរយៈក្ដី ពួកយើងនៅតែបន្តការងារដូចសព្វមួយដង ជាមួយនឹងការផ្សាយបន្តផ្ទាល់ទៅកាន់ទស្សនិកជន តាមរយៈបណ្ដាញសង្គមអនឡាញ ដោយមានអ្នកធ្វើការទស្សនាជាង ២លាននាក់ឯណោះ ដោយលោកស្រីយល់ថា ការធ្វើអាជីវកម្មឲ្យរលូនមួយ គឺត្រូវមានភាពជារបស់ខ្លួនច្បាស់លាស់ ហើយវាជាឱកាសល្អមួយក្នុងការអភិវឌ្ឍន៌ ផ្លាស់ប្តូរឧស្សាហកម្មប្រភេទនេះឆ្ពោះទៅរកអ្វីថ្មីៗ ដូចជាមានកម្មវិធីបង្រៀនបង្កើតចង្វាក់តន្រ្តីអេឡិចត្រូនិក បទភ្លេងចម្រៀងដោយខ្លួនឯង បានពី ឌីជេ នៃក្លឹបកម្សាន្តរបស់យើងផ្ទាល់។

លោក លី ចៀនពីន អ្នកគ្រប់គ្រងទូទៅនៃស្ទូឌីយោបង្ហាត់ការរាំមួយកន្លែង បានប្រាប់ពីទាក់ទងទៅនឹងស្ថានភាពនេះ ដោយសារការផ្ទុះឡើងយ៉ាងឆាប់រហ័សជុំវិញជម្ងឺរាតត្បាតនេះ ទើបលោកបានធ្វើការផ្លាស់ប្ដូរកម្មវិធីមួយចំនួន ទៅជាការទំនាក់ទំនងសិក្សាតាមកម្មវិធីអុិនធឺណិត ដោយពុំចង់ឲ្យមានការខកបំណងជាពិសេស សម្រាប់អតិថិជនចាស់ក្នុងការរៀន រួមទាំងយល់ថា វាអាចផ្ដល់អត្ថប្រយោជន៌ច្រើនដល់សិស្ស ដោយលោកយល់ថា ការបង្កើតកម្មវិធីថ្មីនេះ វាអាចផ្ដល់ការធ្វើទំនាក់ទំនងងាយស្រួលជាមួយនឹងសិស្ស ព្រោះពួកនេះនឹងពុំមានការខ្មាស់អៀន ឬខ្លាចរអារ ក្នុងការបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនរបស់ពួកគេនោះទៀតឡើយ។ រួមទាំងកត្តាពេលវេលាផងនោះ ក៏ពុំមែនជាបញ្ហាទៀតឡើយសម្រាប់សិស្ស ដែលមានបំណងសិក្សាកម្មវិធីបង្ហាត់រាំរបស់លោក បើទោះជាពួកគេនៅទីណាក្ដី៕