(ភ្នំពេញ)៖ កីឡាករខ្សែការពារបឹងកេត ទេស សម្បត្តិ មានភាគរយប្រជែងយកបាល់ពីជើងគូប្រកួតដោយជោគជ័យ និងមិនសូវបានកាតឡើយ ក្នុងការប្រកួតកន្លងមកមិនថា កម្រិតជម្រើសជាតិ ឬនៅក្លិបឡើយ។ គេថា ចេះវិធីសាស្ត្រនេះអំឡុងហ្វឹកហាត់នៅក្រុមយុវជនបាទីកាលឆ្នាំ២០១៨។

សម្រាប់ការប្រឹងប្រែងជារៀងរាល់ថ្ងៃ កីឡាករមានប្រភពពីខេត្តកំពង់ស្ពឺដែលបានជាប់ក្រុមធំជម្រើសជាតិកម្ពុជាក្រោមការដឹកនាំពីអ្នកចាត់ការ Keisuke Honda ផងនោះ ក្រសោបបានតំណែង ១១នាក់ដំបូងនៅបឹងកេតយ៉ាងទៀងទាត់ដើមរដូវកាលឆ្នាំ២០២០ នេះ។

សម្បត្តិ បានបញ្ជាក់ទៀតថា «ខ្ញុំចេះពីគ្រូជប៉ុនទី៣ នៅបាទី។ ពេលហ្នុង គាត់ឲ្យខ្ញុំចេញទៅក្រៅ ៤នាក់ជាមួយណាវ៉ា, វិស៊ីនុ និងវ៉ៃហ្វីពេលកំពុងភ្លៀង។ គាត់ឲ្យទៅរៀនស្លៃអ៊ីចឹងទៅ ហើយយើងសប្បាយនឹងមេឃភ្លៀងផង និងចង់ចេះស្លៃផង ហើយយើងមើលតាមវីដេអូបរទេសផង យើងក៏ចាប់ផ្ដើមចេះស្លៃ។ ចាប់ពីនោះមក យើងក៏ច្បាស់រឿងហ្នឹង។ ភាគច្រើនយើងស្លៃត្រូវបាល់ ច្រើនជាងមនុស្ស អ៊ីចឹងអត់សូវបានកាតទេ ជួនកាលមួយរដូវកាលបានកាតលឿងតែមួយ ឬពីរអីទេ»

អ្វីដែលសំខាន់ផងនោះ កាលឆ្នាំ២០១៨ ក្រោមការដឹកនាំពីគ្រូបង្គោលជនជាតិជប៉ុន Musashi Mizushima ទេស សម្បត្តិ និងមិត្តរួមក្រុមឯទៀតបានរួមចំណែកឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត មុនផ្លាស់ទៅបឹងកេត នៅដំណាច់រដូវកាលដដែល៕