(សេអ៊ូល)៖ យោងតាមសារព័ត៌មានកូរ៉េខាងត្បូង បានចុះផ្សាយថា ផលិតកម្មដ៏ធំមួយនៅកូរ៉េគឺ Big Hit Entertainment បានបង្ហាញពីគម្រោងមួយរបស់ពួកគេ ដែលមានឈ្មោះថា «Learn Korean with BTS»។ គម្រោងនេះ គឺជាការបង្រៀនភាសាកូរ៉េ ទៅដល់អ្នកគាំទ្រជុំវិញពិភពលោក ដែលចង់ចេះភាសាកូរ៉េ អាចរៀនតាមរយៈកម្មវិធីថ្មីនេះ ហើយវានឹងដាក់ចេញនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ស្អែកនេះ។

«Learn Korean with BTS» នឹងដាក់ចេញតាមរយៈការបង្ហាញនៅលើ Weverse របស់ Big Hit Entertainment វាមានការបង្រៀនជាវគ្គៗ ដំបូងគឺ «Run BTS!», «Bangtan Bomb» និង «BTS Episod» ដែលមានភាពងាយស្រួល សម្រាប់អ្នកគាំទ្រជុំវិញពិភពលោក ក្នុងការរៀនពាក្យ និងឃ្លារខ្លីៗ ជាភាសាកូរ៉េ។ ដោយក្នុងនោះ គឺមានការរៀនតាមរបៀប នៃបទបង្ហាញរបស់ក្រុម BTS ដែលពួកគេប្រៀបបានជាគ្រូបង្រៀនសម្រាប់អ្នកគាំទ្រ។

អ្នកគាំទ្រ អាចរៀនតាមរយៈការស្តាប់ និងការបង្ហាញពាក្យនីមួយៗ ដែលសមាជិកក្រុម BTS ឧស្សាហ៍ប្រើប្រាស់។ វីដេអូបង្រៀននីមួយៗ គឺមានបញ្ចូលភាសាសាមញ្ញ និងវេយ្យាករណ៍ ដោយក្នុងនោះមាន៣០វីដេអូ នឹងត្រូវដាច់ចេញ។ ៣វីដេអូដំបូង នឹងដាក់ចេញនៅថ្ងៃទី២៤ ខែមីនា វេលាម៉ោង២រសៀល (ម៉ោងនៅកូរ៉េ) ហើយវីដេអូបន្តបន្ទាប់ទៀត នឹងដាក់ចេញនៅយប់ថ្ងៃច័ន្ទដដែល នៅវេលាម៉ោង៩យប់ ម៉ោងនៅកូរ៉េ។ មនុស្សគ្រប់រូបអាចចុះឈ្មោះចូលទៅរៀនភាសាកូរ៉េនៅលើ Weverse ជាមួយ BTS ដោយឥតគិតថ្លៃផងដែរ៕