(តូក្យូ)៖ រដ្ឋាភិបាលនៃប្រទេសកាណាដា បានប្រកាសហាមប្រាមក្រុមកីឡាករ-កីឡាការិនីរបស់ពួកគេពីការចូលរួមក្នុង ព្រឹត្តិការណ៍កីឡា Olympic Games 2020 ដែលនឹងធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុននាចុងខែកក្កដាខាងមុខនេះ។

ការសម្រេចដកខ្លួនពីការប្រកួតប្រជែងដណ្តើមមេដាយនៅប្រទេសស្ថិតនៅទ្វីបអាស៊ីនេះដែរ ក៏ដោយសារតែភ័យខ្លាចពីជំងឺ Covid-19 ទូទាំងសកលលោកនាពេលបច្ចុប្បន្ននេះ បើទោះបីជាលោក Abe Shinzo បានប្រកាសថា Tokyo Olympic Games អាចនឹងត្រូវបានពន្យារពេលក៏ដោយ។

កាណាដា ជាប្រទេសទី១ ក្នុងចំណោម ២០៨ប្រទេសដែលត្រៀមបញ្ជូនអត្តពលិកមកប្រកួតប្រជែងដណ្តើមមេដាយ ក្នុងកម្មវិធីមានរយៈពេល ៤ឆ្នាំម្តងនេះនៅជប៉ុន ក្នុងបណ្តាអត្តពលិកប្រមាន ១១០០០នាក់។

ភ្លាមៗនោះដែរ អូស្រ្តាលីក៏បានលើកឡើងយ៉ាងប្រាកដថា Olympic Games 2020 នឹងមិនអាចប្រព្រឹត្តទៅបានទេ ហើយគាំទ្រអោយមានការលើកទៅប្រកួតនៅឆ្នាំ២០២១ វិញផងដែរ គ្រាដែលប្រទេសដែលតែងតែឈ្នះមេដាយនាំមុខគេក្នុងកម្មវិធីនេះ អាមេរិក ក៏ស្នើសុំឲ្យមានការពន្យារពេលផងនោះ៕