(បរទេស)៖ ក្រុមគ្រួសាររបស់លោក Kenny Rogers បានឲ្យដឹងកាលពីថ្ងៃសុក្រ ទី២០ ខែមីនា ថាសិល្បករជើងចាស់របស់អាមេរិក ដែលប្រឡូងក្នុងវិស័យសិល្បៈប្រមាណជាង៦ទសវត្សរ៍រូបនេះ បានទទួលមរណភាព ដោយជរាពាធក្នុងវ័យ៨១ឆ្នាំ។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០។

ក្រុមគ្រួសាររបស់សិល្បករជើងចាស់ Kenny Rogers បានលើកឡើងថា Kenny Rogers បានទទួលមរណភាពនៅក្នុងគេហដ្ឋាន ដោយសារជរាពាធ នៅយប់ថ្ងៃសុក្រ ទី២០ ខែមីនា នៅវេលាម៉ោង ១០៖២៥ នាទី (ម៉ោងនៅអាមេរិក)។ ដោយក្នុងនោះ Kenny Rogers ទទួលបានការមើលថែរ ផ្តល់កំលាំងចិត្តយ៉ាងខ្លាំង ពីក្រុមគ្រួសាររបស់លោក។

ក្រុមគ្រួសាររបស់ Kenny Rogers បានរៀបចំពិធីបុណ្យសព្វរបស់លោកជាលក្ខណៈឯកជន ព្រោះតែបារម្ភពីការរាតត្បាតនៃកូវីដ១៩។

គួរជម្រាបថា លោក Kenny Rogers ត្រូវបានគេដឹងថា ជាអ្នកឈ្នះពានរង្វាន់ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ «Grammy Award» របស់អាមេិក ដល់ទៅ៣ដង ដែលមានវត្តមានសម្តែងក្នុងរឿង «The Gambler», រឿង «Lucille» និងរឿង «Islands in the Stream»។ Kenny Rogers កើតក្នុងរដ្ឋតិចសាស់ នៅក្នុងឆ្នាំ១៩៣៨៕