(បរទេស)៖ ឌីជេចាស់វស្សារ និងជាពិធីករវិទ្យុក្នុងទីក្រុង New Orleans គឺ Black N Mild បានទទួលមរណភាពក្នុងវ័យ៤៤ឆ្នាំ បន្ទាប់ពីបានធ្វើតេស្ត ឃើញវត្តមានចំពោះកូវីដ១៩។ បើតាមការិយាល័យ Parish coroner ក្នុងទីក្រុង New Orleans បានបញ្ជាក់ នៅថ្ងៃសុក្រ ទី២០ ថាឌីជេ Black N Mild ដែលមានឈ្មោះកំណើតថា Oliver Stokes Jr បានទទួលមរណភាពកាលពីថ្ងៃព្រហស្បត្តិ៍ បន្ទាប់ពីឆ្លងកូវីដ១៩។

បើយោងតាមមន្ទីសុខាភិបាលប្រចាំទីក្នុង New Orleans បានឲ្យដឹងថា លោក Stokes មានជំងឺប្រចាំកាយជាយូរមកហើយ ប៉ុន្តែមិនដឹងថា ស្ថានភាពជំងឺប្រចាំកាយរបស់លោក ស្ថិតក្នុងលក្ខខណ្ឌណានោះឡើយ។ Stokes ត្រូវបានគេរាយការណ៍ថា មានអាការៈគ្រុនក្តៅ ហើយបានចាកចេញពីកន្លែងធ្វើការ នៅថ្ងៃទី៩ ខែមីនា ដោយមិនបានត្រឡប់មកធ្វើការវិញទេ។

គួរជម្រាបថា លោក Storkes ត្រូវបានគេដឹងថា ជាអ្នកនាំយកតន្រ្តីបែបលោត ឬបែប hip hop ឬក៏ហៅម្យ៉ាងទៀតថា bounce music ឲ្យមានក្នុងកម្មវិធីផ្សាយរបស់វិទ្យុ។ លោកគឺជាឌីជេដំបូង នៅក្នុងប្រវត្តិសាស្រ្ត Nola ដែលមានកម្មវិធីវិទ្យុ បញ្ចូលជាមួយតន្ត្រីបែប hip hop ឬ Nola Bounce។ នេះបើតាមអ្វីដែលលោក Stokes ផ្ទាល់បានបង្ហោះក្នុងបណ្តាញសង្គមកាលពីខែកុម្ភៈកន្លងទៅ៕